អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក បៃ​ឌិន នឹងចូលរួម​ក្នុង​សកម្មភាព នានា​របស់​ពិភពលោក​វិញ​

ចាប់តាំងពី​លោក​បៃ​ឌិន ឡើងកាន់​អំណាច​ដឹកនាំ​អាមេរិក នៅ​ថ្ងៃទី​២០​ខែមករា រហូតមកទល់​ពេលនេះ​លោក​បាន​កែប្រែ​នយោបាយ របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដោយបាន​នាំ​អាមេរិក​ចូល ក្នុង​ស្ថាប័ន​ធំៗ ក៏ដូចជា​សន្ធិសញ្ញា​ផ្សេងៗ ។ លោក​បៃ​ឌិន​បាន​នាំ​អាមេរិក ចូលក្នុង​អង្គការ​សុខភាព​ពិភពលោក សិទ្ធិសញ្ញា​ទីក្រុង​បារី​ស​ស្តីពី​អាកាសធាតុ​…​។​

​នៅពេលនេះ រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន នឹង​វិល​ត្រលប់​ទៅ​ចូលរួម​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ (UNHRC) វិញ ក្រោយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ដើរ​ចេញពី​ស្ថាប័ន​នេះ​កាលពី ០៣​ឆ្នាំមុន​។​

​បើតាម​ប្រភពពី​មន្ត្រី​នៅ​ក្រសួងការបរទេស​អាមេរិក លោក​រដ្ឋមន្ត្រីការបរទេស អាន់​ថូ​នី ប្លី​ង​ខិ​ន (Antony Blinken) នឹង​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ (​ពេលវេលា​នៅ​អាមេរិក​) អំពី​ការវិល​ត្រលប់​របស់​សហរដ្ឋអាមេរិក ទៅ​ចូលរួម​ក្នុង​ស្ថាប័ន UNHRC វិញ​ក្នុងនាម​ជា​សមាជិក​អង្កេត​ការណ៍​។ ទីក្រុង​វ៉ា​ស៉ី​ន​តោន ក៏​នឹង​ព្យាយាម​ស្វែងរក​កៅអី​សមាជិក​ពេញសិទ្ធិ​វិញ​ផងដែរ ខណៈ​ឥឡូវ​អាមេរិក​នឹង​អាចមាន​ឋានៈ ត្រឹម​ជា​សមាជិក​អង្កេត​ការណ៍​ប៉ុណ្ណោះ រហូត​ទាល់តែ​ដល់​ផុត​ឆ្នាំ​២០២១​នេះ​។​

​គួរ​បញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ បាន​ដក​សហរដ្ឋអាមេរិក ចេញពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN កាលពី​ឆ្នាំ​២០១៨ គឺ​នៅ​ពាក់កណ្តាល​ទី​នៃ​អាណត្តិ​រយៈពេល ០៣​ឆ្នាំ​របស់លោក​ក្រោម​ហេតុផល​ថា ស្ថាប័ន​នេះ​ប្រកាន់​គោលការណ៍​លម្អៀង​ប្រឆាំងនឹង​អ៉ី​ស្រា​អែល ហើយ​សហរដ្ឋអាមេរិក​កាលណោះ ក៏បាន​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​ក្នុង UNHRC ផងដែរ​។​

​នៅ​ឆ្នាំ​២០២១​នេះ មហាសន្និបាត UN នឹងត្រូវ​បោះឆ្នោត​ជ្រើសរើស សមាជិក​ថ្មី​សម្រាប់ UNHRC ខណៈ​សមាជិក​នីមួយៗ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​សម្រាប់​រយៈពេល ០៣​ឆ្នាំ ហើយ​មិនអាច​កាន់​លើសពី ០២​អាណត្តិ​ជាប់​គ្នា​ឡើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close