ក្រសួងកសិកម្ម អនុញ្ញាតឱ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោ តែស្របតាមតម្រូវការជាក់ស្តែងក្នុងស្រុក
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ បន្ថែមខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ដែលកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែមករា ខ្លួនបានចេញសេចក្ដី ប្រកាសព័ត៌មាន ដែលជាការជូនដំណឹងអំពីការព្រមព្រៀងគ្នា ដោយស្ម័គ្រចិត្តរវាងសមាគមវារីវប្បករនៅកម្ពុជា និងអាជីវករនាំចេញ នាំចូលផល ផលិតផលជលផល ក្នុងការផ្អាកជាបណ្ដោះអាសន្ននូវការនាំចូលត្រីចំនួន ៤ប្រភេទ រួម មាន ត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោ ពីក្រៅប្រទេស។
ដើម្បីបញ្ជាក់បន្ថែមនូវខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មាននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនដូចខាងក្រោម៖
១៖ ក្រសួងនៅតែបន្តការអនុញ្ញាតឱ្យនាំចូលផល ផលិតផលជលផល ជាពិសេសត្រីចំនួន ៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្អោ តាមតម្រូវការជាក់ស្តែងក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។
២៖ ក្រសួងនឹងបន្តពិគ្រោះយោបល់ជាមួយ សមាគមវារីវប្បករនៅកម្ពុជា អាជីវករនាំចេញ នាំចូលផល ផលិតផលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីកសាង និងទទួលស្គាល់លិខិតបទដ្ឋានបច្ចេកទេស។
៣៖ តាមរយៈយន្តការគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការ ជាមួយក្រសួងពាក់ព័ន្ធនឹងបន្តដោះស្រាយបញ្ហាប្រឈមរបស់វារីវប្បករ ដើម្បីអភិវឌ្ឍវិស័យវារីវប្បកម្ម និងពង្រឹង សមត្ថភាពប្រកួតប្រជែងរបស់វារីវប្បករ ស្របតាមគោលការណ៍ពាណិជ្ជកម្មសេរី ព្រមទាំងធានាដល់ការការពារសុខរ មនុស្ស សត្វ បរិស្ថាន និងជំរុញកំណើនពាណិជ្ជកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។