គម្រោង​អភិវឌ្ឍន៍ និង​ស្ដារ​អូរ​ប្រឡាយ​ធម្មជាតិ ក្នុង​ខេត្ត​ព្រះសីហនុ សម្រេចបាន​ជាង ៩៣%​ហើយ​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការស្តារ​អូរ​សំខាន់ៗ​នៅក្នុង​ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ក្នុង​ដំណើរ​បេសកកម្ម​ចុះ​ពិនិត្យ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​ស្ដារ​អូរ​ប្រឡាយ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​ស្ថានីយ​បូមទឹក ដែល​សាងសង់​ដោយ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​ក្រុមហ៊ុន BUCG ដោយ​ក្នុងនោះ​រួមមាន​បឹង​ព្រែក​ទប់ ស្ថានីយ​បូម​អេ​ម៉ា​រី​អូ ស្ថានីយ​បូម​មុខ​សាលាខេត្ត និង​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​កាកសំណល់​ក្រុងព្រះសីហនុ ជាដើម​។

​គោលបំណង​នៃ​ការស្តារ​អូរ​ធម្មជាតិ​សំខាន់ៗ​ទាំងនេះ គឺ​ដើម្បី​ការពារ​ជំនន់​ទឹកភ្លៀង​នៅតាម​តំបន់​ងាយ​រងគ្រោះ​ក្នុង​ទីក្រុង ក៏ដូចជា​រៀបចំ​កសាង​ប្រព័ន្ធ​ប្រឡាយទឹក​នៅ​ទីក្រុង​មួយ​នេះ​ឱ្យមាន​បរិស្ថាន​ស្អាត និង​អនាម័យ​ល្អ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បាន​កាន់តែច្រើន​ថែមទៀត​។​

​សូមជម្រាបថា យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា ស្ថានីយ​ច្រោះ​សម្អាត​ទឹក​កាកសំណល់​ក្រុងព្រះសីហនុ ដែលមាន​ផ្ទៃក្រឡា​ចំនួន​១៦​ហិកតា ហើយ​គម្រោង​អភិវឌ្ឍន៍ និង​ស្ដារ​អូរ​ប្រឡាយ​ធម្មជាតិ​នេះ ក្នុង​ក្របខណ្ឌ​ប្រើប្រាស់​កញ្ចប់​ថវិកា​សន្សំ​របស់​ជាតិ គិត​ត្រឹម​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ នេះ​សម្រេចបាន ៩៣,៤២%​ហើយ​។​

​គួរកត់សំគាល់​ផងដែរ​ថា ដោយសារ​តែមាន​ការហូ​រ​ចូល​នូវ​វិនិយោគ​ចម្រុះ​តាមរយៈ​ការសាងសង់​អគារ​ខុន​ដូ រមណីយដ្ឋាន និង​អគារ​ពាណិជ្ជកម្ម ព្រមទាំង​រោងចក្រ​កាត់ដេរ​ជាច្រើន ខេត្ត​ព្រះសីហនុ បាននិងកំពុង​អភិវឌ្ឍ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទន្ទឹមនឹង​ការអភិវឌ្ឍ​បរិមាណ​ទឹក​កខ្វក់​មាន​ការកើនឡើង​លើសពី​ការរំពឹងទុក ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ជាបន្ទាន់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អាជ្ញាធរ​ដែនដី​បាន​ស្ដារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​ទឹក​កខ្វក់ និង​សាងសង់​ស្ថានីយ​បូមទឹក​មួយចំនួន​បន្ថែ​ម​ទៀត​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close