កម្ពុជា បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ២​នាក់ ខណៈ​មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ម្នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានបញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន ២​នាក់ ខណៈ​អ្នកជំងឺ​ម្នាក់​ជាសះស្បើយ​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ទាំង​២​នាក់ គឺជា​អ្នកធ្វើដំណើរ​មកពី​សហ​រដ្ឋ​អាមេរិក និង​ប្រទេស​ចិន ដោយ​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ពួកគាត់ ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៃ​ក្រសួងសុខាភិបាល គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​ដោយឡែក​អ្នកជា​សះស្បើយ គឺជា​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី អាយុ​២៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ខេត្ត​ព្រះសីហនុ ជា​អ្នកដំណើរ​មក ពី​ប្រទេស​ឥណ្ឌូណេស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​លើក ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់​សិន​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៤៧៦​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៤៥៧​នាក់ និង​អ្នកជំងឺ​១៩​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close