ឯកឧត្តម ខៀវ កាញារីទ្ធ ៖ អ្នកកាសែត មិនមែនធ្វើការជំនួសសមត្ថកិច្ចនោះទេ
ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នកកាសែត មិនមែនធ្វើការជំនួសសមត្ថកិច្ចនោះទេ គឺត្រូវរង់ចាំនៅពេលគេធ្វើការស្រាវជ្រាវវាយតំលៃហេតុការណ៍នោះចប់ជាមុនសិន ទើបមានអ្នកនាំពាក្យរបស់អាជ្ញាធរសមត្ថកិច្ចនោះ ជាអ្នកផ្តល់ព័ត៌មានឲ្យជាផ្លូវការ។
ឯកឧត្តម រដ្ឋមន្ត្រីបានឡើងពីការតវ៉ារបស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា CamboJA និងបណ្តាសមាគមអ្នកកាសែត មួយចំនួន ទាក់ទងទៅការហាមមិនឲ្យអ្នកសារព័ត៌មាន ចូលថតនៅក្នុតំបន់សមត្ថកិច្ចហាមឃាត់ ដែលបញ្ហានេះត្រូវបានចោទថា ជាការរារាំងសេរីភាព និងបានចោទបន្ថែមទៅលើការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដោយយកសំដីរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីអាចចាប់អ្នកសារព័ត៌មាន ។
ពាក់ព័ន្ធទៅការចោទប្រកាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ដោយសារសមាគមសារព័ត៌មានមួយចំនួននោះ មិនបានយល់អ្វីដែលជាច្បាប់នោះទេ ដែលហៅថាដែនសមត្ថកិច្ចហាមឃាត់ ត្រូវបានកំណត់ការហាមចូល បើនៅសហរដ្ឋអាមេរិកវិញ នៅពេលដែលហ៊ានចូលក្នុងដែនហាមឃាត់របស់សមត្ថកិច្ច គឺត្រូវចាប់ដាក់ខ្នោះតែម្តង។
ក្នុងរយៈពេលកន្លងមកនេះ ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់ថា នៅក្នុងពេល សមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេតរឿងព្រហ្មទណ្ឌ ឬរឿងអ្វីមួយ គឺមិនអនុញ្ញាតឲ្យថតនោះទេ ដើម្បីរក្សាការសម្ងាត់។
ការហាមឃាត់មិនឲ្យអ្នកសារព័ត៌មានថត គឺមិនមែនហាមគ្រប់កន្លែងទាំងអស់នោះទេ តែក៏ត្រូវយល់ដឹងច្បាស់ថា អ្នកសារព័ត៌មាន មិនអាចចូលថតបាននៅគ្រប់ទីកន្លែងនោះទេ ដូច្នេះត្រូវយល់ពីដែនសមត្ថកិច្ច និង យល់ពីភារកិច្ចរបស់អ្នកសារព័ត៌មាន មានសិទ្ធិត្រឹមកំរិតណា ដោយមិនត្រូវទៅបំពាននៅកន្លែងគេនោះទេ៕
ប្រភពពី៖ មន្ទីរព័ត៌មានខេត្តសៀមរាប
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។