ឯកឧត្តម សុខ លូ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​កំពង់ធំ​

​ខេត្តកំពង់ធំ​៖ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត កាលពី​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​កំពង់ធំ ដើម្បី​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការត្រៀម​រៀបចំ​ពិធី​អភិសេក​រូបសំណាក លោកតា​អាចារ្យ​លាក់ និង​រូបសំណាក អ្នកតា​ក្រហម​ក នៅពេល​ខាងមុខនេះ​។

​ជាមួយគ្នា​នោះដែរ​ឯកឧត្តម សុខ លូ បាន​ជំរុញ​ឲ្យ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ក្រុង​ស្រុក ខិតខំ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៧​ចំណុច​របស់​រាជរដ្ឋាភិបាល ដើម្បី​រក្សាបាន​នូវ បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ ។

​ទន្ទឹមនឹងនោះ​ឯកឧត្តម សុខ លូ ក៏បាន​កោតសរសើរ និង​លើកឡើង​អំពី​បញ្ហា​បទល្មើស​ផ្សេងៗ ដែល​មន្ត្រី​ជំនាញ​បាន​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​កន្លងមក និង​សូម​ខិតខំ​ធ្វើ​កិច្ចការ​នេះ​បន្តទៀត ជាពិសេស​មន្ត្រី​ជំនាញ​សូម​ខិតខំ​ពិនិត្យមើល​បញ្ហា​ដែល​អ្នកសារព័ត៌មាន​ធ្វើការ​ចុះផ្សាយ​បញ្ហា​កន្លងមក​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ប្រសិនបើជា​ការពិត សូម​ខិតខំ​បង្ក្រាប និង​ធ្វើការ​បកស្រាយ ធ្វើការ​ឆ្លើយតប ជៀសវាង​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើឱ្យមាន​ការជះឥទ្ធិពល​អាក្រក់​មកលើ​ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ ក្រុង ស្រុក ។

​លើសពីនេះ​ទៀត ឯកឧត្តម អភិបាលខេត្ត​កំពង់ធំ បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ចំពោះ​ការខ្វះ​ទឹក​ធ្វើស្រែ​ប្រាំង​របស់​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ទាន់ពេលវេលា និង​អោយអស់​លទ្ធភាព​ដែល​អាច​ធ្វើបាន នឹង​ចេះ​សម្របសម្រួល​ការបែងចែក​ប្រើប្រាស់​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ ប្រកបដោយ​តម្លាភាព និង​មានការ​សន្សំសំចៃ​ខ្ពស់ ។

​ចុងក្រោយ​ឯកឧត្តម សុខ លូ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលជា​ប់​ខ្សែស្រឡាយ​ចិន​-​វៀតណាម សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះ​អគ្គីភ័យ​នាឱកាស​សែនព្រេន​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ខាងមុខនេះ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​ជាពិសេស ភ្លើង​ធូប ភ្លើងទាន ភ្លើងចង្ក្រាន ភ្លើង​អគ្គីសនី និង ការដុត​ក្រដាស​សែនព្រេន ជាដើម សូម​រក្សា​គម្លាត​សុវត្ថិភាព រក្សា​អនាម័យ ការរស់នៅ​បែប​កន្លង​ថ្មី ដើម្បី​ចៀសវាង​នូវ​ការឆ្លង​ជំងឺ covid-19 និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close