ឃាត់ខ្លួនជនបរទេស ២នាក់ និងខ្មែរម្នាក់ រឹបអូសគ្រឿងញៀនជាង ១គីឡូក្រាម នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ កម្លាំងជំនាញ(ក៨) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាឃ ប៊ុនថុល នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រាបករណីជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ៣គោលដៅផ្សេងគ្នា ជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។
ជនសង្ស័យទាំង ៣នាក់នោះ ទី១.ឈ្មោះ ធឿន តុលា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ, ទី២.ឈ្មោះ MATTEW DAVID SAMPLE ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ អាមេរិក កាន់លិខិតឆ្លងដែនលេខ: ៥០៥៥៧៣២៦២ និងទី៣.ឈ្មោះ DAVID VINCENT ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិនីហ្សេរីយ៉ា។
ក្នុងប្រតិបត្តិការខាងលើ ជំនាញចាប់យកវត្ថុតាង រួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន ១គីឡូក្រាម ទម្ងន់ ០១៤,០៨ក្រាម និងថ្នាំញៀនប្រភេទនីមេតាហ្សេប៉ាម(ICE)ចំនួន ៣០០,៦០ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។