មិន​ខ្វល់​ពី​ការព្រមាន​បង្ក្រាប ពលរដ្ឋ​មី​យ៉ាន​ម៉ាន​បន្តធ្វើ​បាតុកម្ម​ថ្ងៃទី​៤​ប្រឆាំង​ការធ្វើ​រដ្ឋប្រហារ​

​ក្រុមបាតុករ​ប្រឆាំង​រដ្ឋប្រហារ​យោធា និង​ទាមទារ​ឲ្យ​ដោះលែង​លោកស្រី អោ​ង សាន ស៊ូ​ជី បាន​ប្រមូល​ផ្តុំគ្នា​ជាថ្មី​ម្តងទៀត នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បើទោះបីជា​កាលពី​ម្សិលមិញ យោធា​បាន​ព្រមាន​ប្រើប្រាស់​កម្លាំង​ដើម្បី​បង្ក្រាប និង​ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក នៅ​តំបន់​មួយចំនួន​រួចទៅហើយ​ក៏ដោយ​។​

​នៅក្នុង​សង្កាត់ សាន​ឆ​ង (San Chaung) នៃ​ទីក្រុង​រ៉ង់​ហ្គូ​ន ដែលជា​កន្លែង​ក្រុមបាតុករ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើការ​ប្រមូលផ្តុំ​នោះ អ្នកសារព័ត៌មាន​បាន​រាយការណ៍​ថា ក្រុម​គ្រូបង្រៀន​បាននិងកំពុង​ប្រមូល​ផ្តុំគ្នា​ដើរ​ដង្ហែរ​តាម​ផ្លូវធំ ហើយ​មាន​កាន់​បដា​ដែល​សរសេរ​ប្រឆាំង​របប​យោធា និង​ទាមទារ​ឲ្យ​ដោះលែង​លោកស្រី អោ​ង សាន ស៊ូ​ជី ព្រមទាំង​អ្នកនយោបាយ​ផ្សេងៗ​ទៀត ហើយ​ពួកគេ​ក៏បាន​លើក​ម្រាមដៃ​បី​ជាស​ញ្ញា​ផងដែរ​។​

​គួរ​បញ្ជាក់ថា យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ បានប្រកាស​ដាក់ចេញ​ច្បាប់អាជ្ញាសឹក នៅក្នុង​ទីក្រុង ម៉ាន់​ដា​ឡាយ (Mandalay)​។ ច្បាប់អាជ្ញាសឹក​ខាងលើ​នឹង​គ្របដណ្ដប់​លើ​ក្រុង​តូចៗ​ចំនួន ០៧ នៃ​ទីក្រុង Mandalay ដោយ​ហាមឃាត់​ប្រជាជន​ពី​ការធ្វើ​បាតុកម្ម​តវ៉ា ឬ​ការប្រមូល​ផ្ដុំគ្នា​ចាប់ពី​មនុស្ស ០៥​នាក់​ឡើងទៅ រួមជាមួយ​បម្រាម​គោចរ​ចាប់ពី​ម៉ោង ៨៖០០​នាទី​យប់ ដល់​ម៉ោង ៤៖០០​នាទី​ព្រឹក​។ ការប្រកាស​ដាក់ចេញ​បម្រាម​ដូចគ្នា ក៏ត្រូវ​បានធ្វើ​ឡើង​ដែរ​នៅក្នុង​ទីក្រុង​មួយ​នៃ​តំបន់ អា​យ៉េ​យ៉ា​វ៉ាដ​ឌី (Ayeyarwaddy)​។​

​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ដែល​ត្រូវ​នឹង​ពេល​មួយ​សប្តាហ៍​ក្រោយ​ការធ្វើ​រដ្ឋប្រហារ លោក​អគ្គមេបញ្ជាការ​យោធា​មី​យ៉ាន់​ម៉ា មីន អោ​ង ហ្លេ​ង (Min Aung Hlaing) បានធ្វើការ​ថ្លែង​ទៅកាន់​ប្រជាជាតិ​ជា​លើកដំបូង ដោយ​ក្នុងនោះ​លោក​បាន​សន្យា​រៀបចំ​ការបោះឆ្នោត ដោយ​សេរី​នៅពេល​ឆាប់ៗ ហើយ​អំណាច​នឹងត្រូវ​ប្រគល់ជូន​បក្ស​ដែល​ឈ្នះ​។

ក្នុងនាម​ជា​អ្នកកាន់អំណាច​គ្រប់យ៉ាង អំឡុង​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន លោក Min Aung Hlaing បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាលយោធា​ពេលនេះ ខុសគ្នា​ពី​រដ្ឋាភិបាលយោធា​មុនៗ ដោយ​លោក​បាន​សង្កត់ធ្ងន់ថា រដ្ឋមន្ត្រី​ដ៏​ស័ក្តិសម​នានា​នឹងត្រូវ​បានជ្រើសរើស ហើយ​គោលនយោបាយ​ការបរទេស នឹង​នៅតែ​មិន​ផ្លាស់ប្តូរ ខណៈដែល​ប្រទេស​នានា​នឹង​ត្រូវបាន​លើកទឹកចិត្ត ឲ្យ​មក​វិនិយោគ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដដែល ប៉ុន្តែ​លោក​មិនបាន​រំលឹក​អំពី​លោកស្រី អោ​ង សាន ស៊ូ​ជី នោះទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close