មាន់​ជាង ១០​ម៉ឺន​ក្បាល ត្រូវបាន​សម្លាប់​ក្នុងប្រទេស​វៀតណាម ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺផ្តាសាយបក្សី​

​វៀតណាម​៖ អាជ្ញាធរ​វៀតណាម​បានសម្លាប់​មាន់​ទា​ជាង​១០​ម៉ឺន​ក្បាល​នៅក្នុង​ឆ្នាំនេះ បន្ទាប់ពី​ផ្ទុះ​ជំងឺផ្តាសាយបក្សី​បង្កឡើង​ដោយ​វីរុស H5N1 និង H5N6 នៅ​ទីតាំង​ចំនួន​១៤​ផ្សេងគ្នា​។​

​បើតាម​នាយកដ្ឋាន​សុខភាព​សត្វ នៃ​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម ការផ្ទុះ​ជំងឺផ្តាសាយបក្សី​នេះ បាន​កើតឡើង​កាលពី​ដើមខែ​មុន ភាគច្រើន​នៅក្នុង​កសិដ្ឋាន​ខ្នាតតូច ជាទី​ដែល​សត្វ​ចិញ្ចឹម​មិនត្រូវ​បាន​ចាក់​វ៉ាក់សាំង​។ នាយកដ្ឋាន​នេះ​បន្ថែមថា លទ្ធភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​នេះ​ខ្ពស់​ណាស់ និង​បាន​ណែនាំ​ប្រជាជន​កុំអោយ​បរិភោគ​សាច់មាន់​ទា​មិន​ស្គាល់​ប្រភព ហើយ​ក្នុងដំណាក់កាល​នេះ ស្នើសុំ​កុំ​ធ្វើ​អាហារ​ប្រើ​ឈាម​ទា​ឆៅ ដែលជា​អាហារ​ពិសេស​របស់​ប្រជាជន​វៀតណាម ។​

​គួរ​បញ្ជាក់ថា វីរុស​ផ្តាសាយ​បក្សី H5N6 និង H5N1​នេះ អាច​ចម្លង​ពី​សត្វ​ស្លាប​មក​មនុស្ស តាមរយៈ​ប៉ះពាល់​លាមក ឬ សារធាតុ​រាវ​ក្នុង​ខ្លួន​វា និង​អាចអោយ​មនុស្ស​ស្លាប់​បាន ។ វៀតណាម​មាន​មាន់​ទា​ប្រមាណ​៤៦០​លាន​ក្បាល ដោយ​កាលពី​ឆ្នាំ​២០១៩ បានសម្លាប់​ចោល​ប្រមាណ​១៣​ម៉ឺន​៣​ពាន់​ក្បាល ដោយសារ​ផ្ទុះ​ជំងឺផ្តាសាយបក្សី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close