ភូមាសម្រេចដកតំណែងឧត្តមសេនីយជាន់ខ្ពស់ម្នាក់ដោយសារសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម
ប្រទេសភូមា ៖ ក្រសួងការពារជាតិប្រទេសភូមាបានសម្រេចដកតំណែងឧត្តមសេនីយជាន់ខ្ពស់ម្នាក់ ក្នុងចំណោម ៧នាក់ ដែលសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើពួកគេ ដោយការបង្កទ្រព្យសម្បត្តិក្រោមបទចោទថា ឧត្តមសេនីយទាំងនេះ បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរពាក់ព័ន្ធនឹងការបង្រ្កាប សហគមន៍ម៉ូស្លីម រ៉ូហីុងយ៉ា។
ឧត្តមសេនីយដែលត្រូវបានដកហូតតំណែង មានឈ្មោះ ម៉ួង ម៉ួងស៊ូ ជាមេបញ្ជាប្រចាំតំបន់រ៉ាខាញ ទីដែលសហគមន៍ម៉ូស្លីម ត្រូវបានបង្ក្រាប។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិបានប្រកាសថា ការដកតំណែងឧត្តម សេនីយរូបនេះ ដោយសារតែបញ្ហាសុខភាព ក៏ប៉ុន្តែសហភាពអឺរ៉ុបបានរកឃើញថា លោកឧត្តមសេនីយ ម៉ួងម៉ួង ស៊ូ ពាក់ព័ន្ធនិងការសម្លាប់មនុស្សជាច្រើននាក់ នៅរដ្ឋរ៉ាខាញ ដែលស្ថិតនៅក្រោមបញ្ជារបស់លោក។
ទាក់ទិនរឿងនេះដែរ អង្គការលើកលែងទោសអន្តរជាតិបានទទូចដល់ប្រទេសអូស្ត្រាលីកាត់ផ្ដាច់ទំនាក់ទំនងជាមួយយោធាភូមា បន្ទាប់ពីអង្គការនេះ រកឃើញឧត្តមសេនីយចំនួន ១៣រូប មានជាប់ពាក់ព័ន្ធរំលោភសិទ្ធិមនុស្ស។
សូមរំលឹកថា សហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ាបានរត់ភៀសខ្លួននៅក្នុងជំរុំនៃប្រទេសបង់ក្លាដេស ឧបត្ថម្ភដោយអង្គការសហប្រជាជាតិមានជិត ៧០ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។