ថ្ងៃនេះ! រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ២នាក់ទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ខណៈជាសះស្បើយមិនមាននោះទេ។
ក្រសួងបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ថ្មីទាំង២នាក់ រួមមាន៖
១៖ ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ ស្នាក់នៅភូមិព្រៃតាប ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ របស់ស្ត្រីរូបនេះ វិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
២៖ បុរសជនជាតិនីហ្សេរីយ៉ា អាយុ២៦ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ១០ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤៧៨នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន៤៥៧នាក់ និងអ្នកជំងឺ២១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។