ទិវាជិះកង់ នៃក្តីស្រឡាញ់ ១៤កុម្ភៈ នៅខេត្តព្រះសីហនុ ជាមេដែកទាក់ទាញទេសចរក្នុងស្រុក និងលាតត្រដាងពីសមិទ្ធផលផ្លូវថ្មី
ខេត្តព្រះសីហនុ៖ ដូចដែលមហាជនទូទៅបានដឹងហើយថា ក្រសួងទេសចរណ៍ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា (NOCC) សហព័ន្ធកីឡាទោចក្រយានកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងសហការគ្នារៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍មួយ គឺទិវាជិះកង់នៃក្តីស្រឡាញ់ នៅខេត្តព្រះសីហនុ រយៈពេលមួយថ្ងៃនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឆាប់ៗខាងមុខ ដែលព្រឹត្តិការណ៍នេះត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ចាត់ទុកជាមេដែកដ៏សំខាន់មួយក្នុងការទាក់ទាញទេសចរក្នុងស្រុក បង្កើនការផ្សព្វផ្សាយកាន់តែទំលូទំលាយអំពីកម្ពុជា ពិសេសនឹងចូលរួមលាតត្រដាងបង្ហាញពីសមិទ្ធផលហេដ្ឋារចនាសម្ពន្ធរបស់ខេត្តព្រះសីហនុ ពិសេសគឺវិថី និងមហាវិថីថ្មីៗទាំង ៣៧ ខ្សែ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ «ជិះកង់នៃក្តីស្រឡាញ់» ការត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការផ្លូវថ្មីទាំង ៣៧ ខ្សែ និងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២១ នៅរដ្ឋបាលខេត្តព្រះសីហនុ។
នាឱកាសនោះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់នេះ គឺធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឲ្យមានការផ្លាស់ប្ដូរឥរិយាបទក្នុងស្រទាប់យុវវ័យនៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ។ ព្រឹត្តិការណ៍នេះ ក៏មានគោលបំណងបង្ហាញពីសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ សណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរនៃខេត្តព្រះសីហនុផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានចាត់ទុកជាមេដែកដ៏សំខាន់មួយក្នុងការទាក់ទាញទេសចរក្នុងស្រុក បង្កើនការផ្សព្វផ្សាយកាន់តែទំលូទំលាយអំពីកម្ពុជា ពិសេសនឹងចូលរួមលាតត្រដាងសមិទ្ធផលហេដ្ឋារចនាសម្ពន្ធថ្មីៗដ៏អស្ចារ្យរបស់ខេត្តព្រះសីហនុ ពិសេសគឺវិថី និងមហាវិថីថ្មីថ្មោងទាំង ៣៧ ខ្សែ។
ឯកឧត្តម ថោង ខុន បានបញ្ជាក់បន្ថែមថា សម្រាប់កម្ពុជាក៏ជាឱកាសជំរុញវិស័យទេសចរណ៍ក្នុងស្រុកផងដែរ ដូច្នេះព្រឹត្តិការណ៍ «ជិះកង់នៃក្តីស្រឡាញ់» វាក៏ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ។ ឯកឧត្តម បានបញ្ជាកៀ់ងដែរថា កម្ពុជាក៏ត្រូវឆ្លៀតបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីផ្សព្វផ្សាយទាក់ទាញទេសចរក្នុងស្រុក និងផ្សព្វផ្សាយទៅទេសចរអន្តរជាតិបានដឹង សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើង នៅពេលចប់វិបត្តិកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។