កម្ពុជា ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជា​លើកដំបូង នៅ​ព្រឹក​នេះ

​ភ្នំពេញ​៖ បន្ទាប់ពី​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ឈ្មោះ ស៊ី​ណូ​ហ្វា​ម (Sinopharm) ចំនួន​៦០​ម៉ឺន​ដូ​ស ដែលជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ជំហាន​ដំបូង កាលពី​រសៀល​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១​រួចមក នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ឈ្មោះ សី​ណូ​ហ្វា​ម (Sinopharm) ជូន​ថ្នាក់ដឹកនាំ​កម្ពុជា លើកដំបូង​នេះ បាន​ដំណើរការ​ហើយ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដោយ​ធ្វើឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត នៅ​ទីតាំង​ចំនួន​៤​។​

​ទីតាំង​ទាំង​៤​នោះ រួមមាន​៖ ១. នៅ​មន្ទីរពេទ្យ​កាល់ម៉ែត សម្រាប់​ឥស្សរជន​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ , ២. នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង សម្រាប់​ឥស្សរជន ជា​អនុរដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ , ៣. នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សម្រាប់​ឥស្សរជន​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត និង ៤. នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ សម្រាប់​អ្នកសារព័ត៌មាន ។​

​ដោយឡែក​សម្រាប់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ចំណុះ​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ រហូតដល់​អាយុ​លើសពី​៥៩​ឆ្នាំ នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ នៅវេលា​ម៉ោង​២​រសៀល ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​មន្ទីរពេទ្យ​កេតុមាលា ។

​សូមជម្រាបថា វ៉ាក់សាំង​សី​ណូ​ហ្វា​ម (Sinopharm) ដែលមាន​ចំនួន ៦០​ម៉ឺន​ដូ​ស​ក្នុង​ជំហាន​ដំបូង​នេះ គឺ​ត្រូវ​បែងចែក​ក្នុងនោះ​ចំនួន​៣០​ម៉ឺន​ដូ​ស​សម្រាប់​ក្រសួងសុខាភិបាល និង​៣០​ម៉ឺន​ដូ​ស​ទៀត សម្រាប់​ផ្នែក​យោធា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close