អភិបាលខេត្តសៀមរាប បង្ហាញថា ផ្លូវនៅជនបទ មិនគួររៀបគម្រោងសាងសង់ជាផ្លូវគ្រួសក្រហមទៀតឡើយ
ខេត្តសៀមរាប៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញអំពីគំនិតផ្តួចផ្តើមមួយ លើការកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវនៅជនបទ ដែលគួរតែផ្លាស់ប្តូរពីគម្រោងសាងសង់ផ្លូវគ្រួសក្រហម ដែលត្រូវចំណាយច្រើនលើការថែទាំជួសជុល មកជាគម្រោងកសាងផ្លូវបេតុងជំនួសវិញ ដែលធានាបានគុណភាពប្រើប្រាស់តយូរអង្វែងជាង ដូច្នេះបើអាចធ្វើបាន ចាប់ពីឆ្នាំ២០២១នេះតទៅ ការប្រើប្រាស់មូលនិធិឃុំ-សង្កាត់ មិនគួរយកគម្រោងស្ថាបនាផ្លូវគ្រួសក្រហម មកប្រើប្រាស់ទៀតនោះឡើយ។
ឯកឧត្តម ទៀ សីហា មានប្រសាសន៍បន្ថែមថា ការអនុវត្តផែនការថ្មី គឺការកសាងផ្លូវបតុងនៅមូលដ្ឋានជនបទ ដែលផែនការនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីវឌ្ឍនភាព នៃការឆ្លងកាត់អន្តរកាលរបស់កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ចេញពីឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍ ចូលទៅកាន់ឋានៈជាប្រទេសអភិវឌ្ឍតិចតួច ជាបណ្តើរៗនាបណ្តាឆ្នាំខាងមុខ លើវិស័យនៃការអភិវឌ្ឍបណ្តាញផ្លូវថ្នល់នៅជនបទ ហេតុនេះដើម្បីឆ្ពោះទៅរកជំហានថ្មីនេះ ផែនការកសាងផ្លូវបតុងសម្រាប់មូលដ្ឋានជនបទ បើទោះជាស្ថិតក្នុងលទ្ធភាពណាមួយក៏ដោយ តែវាជាជំហានគីង្គក់ ត្រូវបានដើរទន្ទឹមនឹងការថែទាំផ្លូវគ្រួសក្រហមដែលមានស្រាប់ ដើម្បីបានបន្តនិរន្តរភាពនៃតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ឯកឧត្តមអភិបាលខេត្តសៀមរាប មានប្រសាសន៍បន្ថែមទៀតថា សម្រាប់ការពង្រឹងលទ្ធភាព គំនិតផ្តួចផ្តើមនេះ នឹងធ្វើដំណើរឈានចូលទៅក្នុងទំនាក់ទំនងនៃកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ រួមទាំងត្រូវបានស្ថិតនៅក្នុងការគាំទ្រ និងសម្រួបសម្រួលជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងស្រុក និងភាគីពាក់ព័ន្ធផ្សេងៗទៀតផងដែរក្នុងគោលបំណងពីរសំខាន់ៗ ដែលជាចម្បងនោះ គឺ៖ ទី១.ទៅថ្ងៃអនាគត មូលដ្ឋានជនបទនឹងមានបណ្តាញផ្លូវគមនាគមន៍ដែលត្រូវបានធានាគុណភាព និងទី២. បានកាត់បន្ថយការប្រើប្រាស់ថវិកា ក្នុងការជួសជុលផ្លូវគ្រួសក្រហមដែលមិនធានាគុណភាពនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។