សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បង្ហាញ​ពី​ការអភិរក្ស​វាយ​ន​ភណ្ឌ វប្បធម៌ និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ជុំវិញ​ដង​ទន្លេមេគង្គ និង​ទន្លេ​គង្គា​

​ខេត្តសៀមរាប​៖ សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី មាន​អាសយដ្ឋាន​នៅ​ភូមិ​បឹង​ដូន​ប៉ា តាម​បណ្តោយ​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន (​ផ្លូវ​៦០​ម៉ែត្រ​) សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​ ​សារមន្ទី​នេះ​បាន​កសាងឡើង​នៅ​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១១ និង​បើក​ឱ្យ​ដំណើរការ​ក្នុង​ខែមេសា ឆ្នាំ​២០១៤ ក្រោម​កិច្ចសហប្រតិបត្តិការ​ទ​ន្លេ​មេគង្គ​-​ទន្លេ​គង្គា ដោយមាន​ប្រទេស​ចំនួន​៦​ចូលរួម ដូចជា​៖ ប្រទេស​កម្ពុជា ឥណ្ឌា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​។

​គោលបំណង​នៃ​ការកសាង​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី គឺ​ដើម្បី​ថែរក្សា​ប្រពៃណី​នៃ​ការផលិត​វាយ​ន​ភណ្ឌ ក៏ដូចជា​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​អរិយធម៌ វប្បធម៌ និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ជា​សមាជិក ដែលមាន​រយៈពេល​ជាច្រើន​សតវត្សរ៍​មកហើយ​។

​បន្ទាប់ពី​បើក​ដំណើរការ សារមន្ទីរ​បានធ្វើការ​តាំង​បង្ហាញ​នូវ​សមុច្ច័យ​សំខាន់ៗ​ជាច្រើន​មកពី​ប្រទេស​ជា​សមាជិក​ក្នុង​សាល​ពិព័រណ៍​ទាំង​៤​របស់​សារមន្ទីរ​ដូចជា​៖ សាល​ព័ត៌មាន​ពិព័រណ៍ សាល​ពិព័រណ៍​វត្ថុធាតុដើម និង​ដំណើរ​ការផលិត សាល​ពិព័រណ៍​វាយ​ន​ភណ្ឌ​បុរាណ និង​សាល​ពិព័រណ៍​វាយ​ន​ភណ្ឌ​សហ​សម័យ​។

​សារមន្ទីរ​បើក​ជូន​សាធារណជន​ចូល​ទស្សនា​ពីថ្ងៃ​ពុធ ដល់​ថ្ងៃ​ចន្ទ ចាប់ពី​ម៉ោង​៨:៣០​នាទី​ព្រឹក ដល់​ម៉ោង​៤:០០ នាទី​ល្ងាច ជាពិសេស​មិន​គិតថ្លៃ​ចំពោះ​ព្រះសង្ឃ ដូនជី តាជី និង​កុមារ​ក្រោម​អាយុ​១២​ឆ្នាំ​។ សារមន្ទីរ​ក៏មាន​មគ្គុទ្ទេសក៍​ជំនាញ​នៅចាំ​ពន្យល់ បកស្រាយ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដោយ​ឥតគិតថ្លៃ​ផងដែរ​៕​
   

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close