សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកការដ្ឋានសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដី ត្រង់រង្វង់មូលចោមចៅព្រឹកនេះ
ភ្នំពេញ ៖ ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនាព្រឹកនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ ”នៅមិនយូរប៉ុន្មានទេ គឺយើងនឹងបានស្ពានអាកាសថ្មីទី៦ ព្រមទាំងផ្លូវក្រោមដីដើម្បីសម្រួលដល់ចរាចរណ៍ទូទៅកុំអោយកកស្ទះនៅម្តុំរង្វង់មូលចោមចៅតទៅទៀត។ ព្រោះនៅម្តុំនេះគឺចរាចរណ៍កកស្ទះស្ទើររាល់ថ្ងៃ”។
សូមជម្រាបថា គម្រោងសាងសង់ស្ពានអាកាសទី៦ និងផ្លូវក្រោមដីនៅរង្វង់ចោមចៅ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នឹងចំណាយថវិកាប្រមាណ ២២លានដុល្លារ នឹងប្រើពេលប្រមាណ៣០ខែ ដើម្បីបញ្ចប់ឱ្យបានរួចរាល់ ដែលសាងសង់ដោយក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា OCIC ។
ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ប្រជាពលរដ្ឋម្ចាស់យានយន្តគ្រប់ប្រភេទ ដែលត្រូវធ្វើចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញ ឆ្លងកាត់ទីតាំងខាងលើត្រូវពង្វាងចរាចរណ៍ដូចខាងក្រោម ដើម្បីបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍អំឡុងពេលសាងសង់៖
១. ចំពោះរថយន្តធ្វើចរាចរណ៍ពីទិសខាងលិច តាមបណ្ដោយផ្លូវជាតិលេខ៤ ចូលរាជធានី ត្រូវធ្វើដំណើរតាមផ្លូវពង្វាងទៅតាមផ្លូវបែកចាន បត់ស្ដាំទៅទិសខាងត្បូង ឬផ្លូវកប់ស្រូវបត់ឆ្វេងទៅទិសខាងជើង។
២. ចំពោះរថយន្តធ្វើចរាចរណ៍មកពីផ្លូវជាតិលេខ៣ ចូលរាជធានីត្រូវធ្វើដំណើរតាមផ្លូវពង្វាង បត់ស្ដាំទៅតាមផ្លូវព្រៃស មុខវត្តស្លែង ឬទៅតាមផ្លូវទួលពង្រ បត់ស្ដាំតាមផ្លូវ ៣០ម៉ែត្រឆ្ពោះទៅផ្លូវចោមចៅ។
៣. ចំពោះរថយន្តធ្វើចរាចរណ៍តាមផ្លូវចោមចៅ ចេញក្រៅរាជធានីទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរតាមផ្លូវទួលពង្រ បត់ឆ្វេងត្រង់ចំណុចស្តុប។
៤. ចំពោះចរាចរណ៍ពីផ្លូវចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៤ ត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរណ៍ជាធម្មតា។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះរាជធានីភ្នំពេញ មានស្ពានអាកាសចំនួនប្រាំរួចមកហេីយដែលកំពុងដាក់អោយប្រេីប្រាស់ដូចជា៖
១. ស្ពានអាកាសក្បាលថ្នល់
២. ស្ពានអាកាសស្ទឹងមានជ័យ
៣. ស្ពានអាកាសប្រាំពីរមករា
៤. ស្ពានអាកាសប្រាំមករា (សាលាតិចណូ)
៥. ស្ពានអាកាសផ្សារដីហ៊ុយ ដែលនឹងសម្ពោធដាក់អោយប្រេីប្រាស់ខាងមុខ៕
ប្លង់គម្រោងសាងសង់ស្ពានអាកាសរង្វង់មូលចោមចៅ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។