កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ម្នាក់ ខណៈ​មាន​អ្នកជា​សះស្បើយ ៤​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ម្នាក់ ខណៈ​អ្នកជំងឺ​ជាសះស្បើយ​មាន​ចំនួន​៤​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នក​ទើប​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី គឺមាន​ស្ត្រីជន​ជាតិខ្មែរ អាយុ​៥២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១​។​ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។​

​ចំណែក​អ្នកជំងឺ​ជាសះស្បើយ​សរុប​ចំនួន ០៤​នាក់ គឺជា​ស្ត្រីជន​ជាតិខ្មែរ​២​នាក់ ជា​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក​, ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ស្វី​ស និង​កុមារា​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​។ បុគ្គល​ទាំង ០៤​នាក់​នេះ បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​លើក ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មជ្ឈមណ្ឌល​ជាតិ កម្ចាត់​រោគរបេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៤៧៩​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៤៦៣​នាក់ និង​កំពុង​សម្រាប់​នៅ​មន្ទីរពេទ្យ​ចំនួន ១៦​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close