“​ជិះ​កង់​នៃ​ក្ដី​ស្រឡាញ់​” ឯកឧត្តម ថោង ខុន ចាត់ទុកជា​ការចាប់ផ្ដើម​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ឡើងវិញ នៅ​ក្រុងព្រះសីហនុ​

ខេត្តព្រះសីហនុ​​៖ កម្មវិធី “​ជិះ​កង់​នៃ​ក្ដី​ស្រឡាញ់​” លើក​ទី​១ នៅ​ក្រុងព្រះសីហនុ បានចាប់ផ្ដើម​ហើយ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយមាន​ការចូលរួម​ពី​កីឡាករ​-​កីឡាការិនី​សរុប ៣៥១​នាក់ មកពី ៥​ប្រទេស​។ ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នេះ រៀបចំឡើង​ក្រោម​វត្តមាន​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ។​

​ជាមួយ​ការរៀបចំ​កម្មវិធី​ជិះ​កង់​លក្ខណៈ​អាជីព និង​កម្សាន្ដ​លើកដំបូង​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន បានចាត់ទុក​នេះ​គឺជា​ការចាប់ផ្ដើម​ឡើងវិញ នៃ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ នៅ​ក្រុងព្រះសីហនុ ដែលជា​ទីក្រុង​ដ៏​ប្រណីត ក្រោយ​ការដាក់​ទុនវិនិយោគ​យ៉ាងច្រើន ដើម្បី​ផ្សព្វផ្សាយ និង​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​តំបន់ឆ្នេរ​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត ។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​មានប្រសាសន៍ថា «​ខ្ញុំ​ជឿជាក់ថា ព្រឹត្តិការណ៍​ថ្ងៃនេះ ទោះបី​នៅ​តូច តែ​វា​ពិតជា​បានបង្ហាញ​នូវ​ការចាប់ផ្តើម​សាកល្បង​ជា​បណ្តើរៗ នូវ​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​តូចៗ ដែល​គោរព​អនុវត្តន៍​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​ដែល​អាចជា​ការចាប់ផ្តើម​នូវ​ការបង្ហាញ និង​ជួយ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​មួយ ដែល​ប្រកបដោយ​សុវត្ថិភាព និង​ការអភិវឌ្ឍន៍​ដ៏​ល្អ​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​» ។​

​ទន្ទឹម​ជាមួយគ្នា​ឯកឧត្តម គួច ចំរើន ក្នុងនាម​ម្ចាស់ផ្ទះ​បានចាត់ទុក​ព្រឹត្តិការណ៍​ជិះ​កង់​នេះ គឺជា​ការ​បំផុស​ចលនា​ឲ្យ​ប្រជាពលរដ្ឋ​លេង​កីឡា ដើម្បី​ពង្រឹងសមត្ថភាព​ផ្លូវកាយ ផ្លូវចិត្ត ដែល​ការ​ជិះ​កង់​នេះ ធ្វើ​ឲ្យ​សរសៃ​សាច់ដុំ ផ្លូវដង្ហើម​មាន​ភាពរឹងមាំ និង​សុខ​ភាពល្អ ។ លោក​ថា ទោះបី​ព្រឹត្តិការណ៍​នេះ មិនមែនជា​ការអភិវឌ្ឍ​ជំនាញ​កម្រិត​ខ្ពស់ ប៉ុន្ដែ​វា​ជាការ​បំផុស​ចលនា​កីឡា​មួយ ដែល​ស្របគ្នា​ជាមួយនឹង​យុទ្ធនាការ​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ ដើម្បី​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា ។​

​សម្រាប់​វិញ្ញាសា​ប្រកួត នៃ​ព្រឹត្តិការណ៍ «​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» នេះ គឺមាន ៣ រួមមាន​វិញ្ញាសារ ដែល​ជិះ​តាមផ្លូវ​ក្នុង​ទីក្រុង​ថ្មី និង​តំបន់​ឆ្នេរសមុទ្រ នៃ​ក្រុងព្រះសីហនុ​។ ចំពោះ​អ្នកចូលរួម គឺមាន​ពី​ខេត្តកំពង់ចាម កំពង់ស្ពឺ កណ្ដាល រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ព្រមទាំង​ជនបរទេស ដូចជា​ឥណ្ឌា ចិន ថៃ ហ្វីលីពីន និង​អង់គ្លេស​ជាដើម ។​

​ឆ្លៀតឱកាស​នោះ ឯកឧត្តម​បណ្ឌិត ថោង ខុន ក៏បាន​រំលឹក​ដែលថា នៅ​ក្រុងព្រះសីហនុ កាលពី​មួយឆ្នាំ​មុន​នៅ ថ្ងៃទី​១៣​កុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បើកទ្វារ​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​ដ៏​ធំ WESTERDAM បាន​ចូល​ចត​ដោយ​សុវត្ថិភាព ដើម្បី​សង្គ្រោះ​ភ្ញៀវទេសចរ​អន្តរជាតិ ច្រើន​ជាតិ​សាសន៍ ជាង ១៤០០​នាក់​។ កាយវិការ​ប្រកបដោយ​មនុស្សធម៌ របស់​សម្ដេច​តេ​ជោ ត្រូវបាន​ពិភពលោក​ដឹងគុណ និង​ផ្តល់នូវ​គុណ​តម្លៃ​ដ៏​ឧត្តុង្គឧត្តម​ដល់​កម្ពុជា​ថា “​កម្ពុជា​ជា​ប្រទេស​តូច តែ​បេះដូង​ទូលាយ​” ម្សិលមិញ ប្រទេស​អូស្ត្រាលី​ក៏បាន​រំលឹក​ខួប ហើយ​ក្រសួងទេសចរណ៍​ក៏​បានចេញ​វីដេអូ​មួយ​ផ្សព្វផ្សាយ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close