២​ថ្ងៃ កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ជាង ៦០​ម៉ឺន​នាក់ ឱកាស​បុណ្យចូលឆ្នាំ​ចិន​

​ភ្នំពេញ​៖ ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​នា​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​ថា រយៈពេល​ពីរ​ថ្ងៃ​នាឱកាស​បុណ្យចូលឆ្នាំ​ចិន (១២-១៣ កុម្ភៈ​) កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​ជាង ៦១៣,៥៩៦​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយចំនួន រួមមាន​៖
* រាជធានី​ភ្នំពេញ​៖ ១០៧,២០០​នាក់​
* ខេត្តសៀមរាប​៖ ៧៣,៤១៧ នាក់​
* ខេត្ត​កែប​៖ ៦៥,២៧៧ នាក់​
* ខេត្ត​ព្រះសីហនុ​៖ ៦០,៦៤៦ នាក់​
* ខេត្តកំពត​៖ ៥៩,២៦២ នាក់​
* ខេត្តបាត់ដំបង​៖ ៤៩,៥០៥ នាក់​
* ខេត្តកណ្តាល​៖ ៤៣,៨៩៩ នាក់​
* ខេត្តកោះកុង​៖ ២២,៥៤១ នាក់​
* ខេត្តពោធិ៍សាត់​៖ ១៥,១៩៨ នាក់​
* ខេត្តក្រចេះ​៖ ១១,១៨៣ នាក់​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ភ្ញៀវ​បានចេញ​ដើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស​មាន​ចំនួន ៤០៨,៥២១ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៤០៣,៧៨៦ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ៤,៧៣៥ នាក់​។​

​បើតាម​លោក​រដ្ឋមន្ត្រី ថោង ខុន ដូច​ការគ្រោងទុក ចលនា​ភ្ញៀវ​នា​ថ្ងៃទី​២ មាន​សន្ទះ​ខ្លាំង​ជាង​ថ្ងៃទី​១ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយចំនួន​បានជ្រើសរើស​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ជិតៗ ឬ​វិល​ល្ងាច​។ ជាក់ស្តែង តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ប្រមាណ ១០ ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ ដោយឡែក ខេត្ត​ដែលមាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ច្រើន ដូចជា រមណីយដ្ឋាន​មួយចំនួន​ក្នុង​ខេត្តកំពត មានការ​កកកុញ​ភ្ញៀវ​ច្រើន​។

​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​ខិតខំ​ក្នុងការ​ណែនាំ​ឱ្យ​ភ្ញៀវទេសចរ​រក្សា​គម្លាត និង​ទប់ស្កាត់​មិន​ឲ្យ​មានការ​ជួបជុំ​ជា​ក្រុម​ធំ​។​ ​ចំពោះ​ការគ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់​ជាទូទៅ​មាន​ភាពល្អប្រសើរ មិនមាន​បញ្ហា ឬ​ការរំខាន​ណាមួយ​កើតឡើង​គួរកត់សម្គាល់​ទេ​សម្រាប់​រយៈពេល​២​ថ្ងៃនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close