បណ្តុំ​អាជីវកម្ម​ចំនួន​១៦ និង​ចុះ​MoU ចំនួន​២ ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​លក់​កសិផល​ជិត ៣ ៤០០​តោន មានតម្លៃ ១,៤​លាន​ដុល្លារ​

ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ASPIRE បានរៀបចំ​ពិធី​ចុះ ហត្ថលេខា​លើ​កិច្ចសន្យា​ចំនួន​១៦ និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ចំនួន ០២ ស្តីពី “​ការផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព ដំឡូង​មី ផ្លែស្វាយ ផ្លែ​ឱ​ឡឹ​កសាច់​លឿង និង​មាន់​សាច់​”​ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីរ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា ក្រសួង​តាមរយៈ​ថវិកា​កម្មវិធី​រដ្ឋ និង​គម្រោង​ដៃគូ បាននិងកំពុង​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​កសិករ​ខិតខំ​ផលិត​បន្លែ​សុវត្ថិភាព ដើម្បី​កាត់បន្ថយ​ការនាំ​ចូល ឆ្លើយតប​ទៅ នឹង​តម្រូវការ​ទីផ្សារ​ដែលមាន​និន្នាការ​កើនឡើង​នៃ​ការបរិភោគ​បន្លែ ដំណាំ ត្រី និង​សាច់​ក្នុងស្រុក​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​។

​តាម​របាយការណ៍​រប​ស់ ASPIRE បង្ហាញថា​បច្ចុប្បន្ន មាន​បណ្តុំ​អាជីវកម្ម​ចម្រុះ​ចំនួន ១ ៩២០​បណ្តុំ និង​មាន​សមាជិក​ចំនួន ៦១ ៧៣៥ គ្រួសារ នៅ​ទូទាំង ២៤​រាជ ធានី​-​ខេត្ត និង​មាន​សហគមន៍​ផលិត​បន្លែ​ចំនួន ២៥៩​សហគមន៍ និង​មាន​កសិករ​ចំនួន ៤៣២​ក្រុម កំពុង​ផលិត​បន្លែ​សុវត្ថិភាព (​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កសិកម្ម​)​។ ជាមួយគ្នានេះ ក៏មាន​កសិករ​ពាណិជ្ជ​ករ​បន្លែ ដំឡូង​មី ស្រូវ ស្វាយ ឱ​ឡឹ​ក មាន់​ស្រែ និង​ត្រី ហើយ​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ក៏​បាននិងកំពុង​ចូលរួម​ជំរុញ​ផលិតកម្ម​បន្លែ​សុវត្ថិភាព​ដោយ​អនុវត្តតាម​បច្ចេកទេស​កសិកម្ម​ទំនើប ប្រើប្រាស់​ផ្ទះ​សំណាញ់ ប្រព័ន្ធ​ដំណក់ទឹក ប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​ជា​លក្ខណ​បច្ចេកទេស​។

​សូម​ជម្រាបជូន​ថា ក្នុង​កម្មវិធី​នេះ​មាន​តំណាង​ក្រុមហ៊ុន​ចំនួន​១០ និង​សហគមន៍​កសិកម្ម​ចំនួន​២ នឹង​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ជាមួយ​កសិករ តំណាង​បណ្តុំ​អាជីវកម្ម​ចំនួន​១៦ និង​ចុះ MoU ចំនួន ២ សម្រាប់​ការទិញ លក់​កសិផល​សរុប​ជិត ៣ ៤០០ តោន ដែលមាន​តម្លៃ​សរុប​ប្រមាណ ១,៤ លាន​ដុល្លារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close