អង្គការពាណិជ្ជកម្មពិភពលោកមានប្រធានថ្មី ជាស្ត្រីជនជាតិស្បែកខ្មៅ
ក្រោយការបោះឆ្នោតជ្រើសរើសជាច្រើនជាច្រើនលើក ទីបំផុត លោកស្រី Ngozi Okonjo-Iweala ត្រូវបានជ្រើសរើសឲ្យក្លាយជាប្រធាន WTO ជាផ្លូវការ ក្នុងនាមជាស្ត្រីដំបូងប្រចាំទ្វីបអាហ្វ្រិក។
អំឡុងពេលនៃកិច្ចប្រជុំ តាមរយៈប្រព័ន្ធអនឡាញនៅថ្ងៃចន្ទនេះ សមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក(WTO) ដែលមានចំនួន ១៦៤នាក់ បានសម្រេចជ្រើសរើសជាឯកច្ឆន្ទ ឲ្យអតីតរដ្ឋមន្ត្រីនៃក្រសួងហិរញ្ញវត្ថុនីហ្សេរីយ៉ា និងជាអតីតអ្នកជំនាញជើងចាស់ នៃធនាគារពិភពលោក (World Bank) វ័យ ៦៦ឆ្នាំ គឺលោកស្រី Iweala កាន់តំណែងជាអគ្គនាយករបស់ខ្លួន សម្រាប់អាណត្តិរយៈពេល ៤ឆ្នាំ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានគាំទ្រយ៉ាងខ្លាំងចំពោះបេក្ខភាពរបស់លោកស្រី ង៉ូហ្ស៊ី បន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោកស្រី យ៉ូ ម្យុងហ៊ី (Yoo Myung-hee) បានដកខ្លួនចេញពីការប្រកួតប្រជែង។ ក្រោយទទួលបានការគាំទ្រពីរដ្ឋបាលរបស់លោក Biden លោកស្រី Okonjo-Iweala បានថ្លែងកាលពីថ្ងៃទី០៦ ខែកុម្ភៈកន្លងទៅនេះថា «ខ្ញុំទន្ទឹងរង់ចាំការបញ្ចប់ដំណើរការនេះ»។
សម្រាប់អង្គការ WTO វិញក៏មានសេចក្តីត្រេកអរផងដែរ ក្នុងការបញ្ចប់ដំណើរការជ្រើសរើសនេះ ព្រោះខ្លួនគ្មានអ្នកដឹកនាំ ចាប់តាំងពីអ្នកការទូតប្រេស៊ីល លោក រ៉ីប៊ឺតូ អាហ្សេវែដូ (Roberto Azevedo) បានលាឈប់កាលពីខែសីហា ឆ្នាំ២០២០ មកម្ល៉េះ ពោលគឺលោកបានលាឈប់មុនកាលកំណត់មួយឆ្នាំ។
តាមពិតទៅ ដំណើរការនៃការជ្រើសរើសបេក្ខជនម្នាក់ ក្នុងចំណោមប្រាំបីនាក់ ដើម្បីទទួលបានជោគជ័យត្រូវបានគេរំពឹងថា បញ្ចប់តែងតាំងកាលពីខែវិច្ឆិកាកន្លងទៅនេះម្ល៉េះ ប៉ុន្តែរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរារាំងការឯកភាពគ្នាក្នុងការតែងតាំងលោកស្រី Okonjo-Iweala ទើបធ្វើឲ្យមានការពន្យារពេល រហូតមកទល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។