អាជ្ញាធរជាតិអប្សរា ក្រុងពលីជួសជុលខ្លោងទ្វារខាងលិច នៃប្រាសាទចៅស្រីវិបុល
ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានរៀបចំពិធីប្រុងពលី សែនព្រេន បួងសួងសុំសេចក្តីសុខចម្រើន ដើម្បីរុះរើខ្លោងទ្វារខាងលិចនៃប្រាសាទចៅស្រីវិបុលមុននឹងជួសជុលឱ្យដំណើរការបានរលូន សុវត្ថិភាព និងជោគជ័យក្នុងការបំពេញការងារអភរិក្សសម្បត្តិដូនតា។
តាមការបញ្ជាក់របស់ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ខ្លោងទ្វារខាងលិចនេះ គឺរងនូវការខូចខាតដោយសារអាយុកាល ធម្មជាតិ និងការបំផ្លាញរបស់មនុស្សក្នុងសម័យសង្គ្រាមផង ធ្វើឱ្យរលុះរចនាសម្ពន្ធសំណង់ខូចរូបរាងខ្លោងទ្វារ។ កិច្ចការដំបូង ក្រុមការងារនឹងរុះរើសំណង់ខ្លោងទ្វារនេះសិន រួចទើបដំណើរការជួសជុលឱ្យស្របតាមបទដ្ឋានធម្មនុញ្ញអង្គរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយករង ក៏បានណែនាំដល់ក្រុមការងារ ឆ្មាំ ពលករទាំងអស់ឱ្យខិតខំបំពេញការងារឱ្យបានល្អប្រសើរក្នុងនាមជាអ្នកជំនាញថែរក្សាអង្គរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។