បង្គាចាក់ចាហួយជាង ១តោន ត្រូវបានដុតកម្ទេចចោល
ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ បានធ្វើការដុតកម្ទេចចោល បង្គាក្លាស្សេមានចាក់ចាហួយបន្ថែមសរុបចំនួន ៥៦កេស ស្មើនឹង ១០០៨គីឡូក្រាម នៅទីលានចាក់សម្រាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា ធ្វើឡើងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ និងដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តទាំង២គ្រឿង ត្រូវបានស្ទាក់ចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ៣ ភ្លាមៗនោះមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយករថយន្តទាំង២គ្រឿងខាងលើដែលសង្ស័យមានបង្គាក្លាស្សេចាក់បន្ថែមចាហួយ មកអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការវិភាគនៅនាយកដ្ឋានមន្ទីរពិសោធន៍។
តាមការអះអាងបឋមពីអ្នកបើកបររថយន្តដឹកទំនិញ ទាំង២គ្រឿងនេះ បានឱ្យដឹងថា ទំនិញជាគ្រឿងសមុទ្រ រួមមានបង្គាកាស្សេ និងក្តាម សរុបចំនួន ៦៥០កេស នៅលើរថយន្តទាំង២ខាងលើ មានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាក និងពុំមានឯកសារភ្ជាប់មកជាមួយទេ។ ជាលទ្ធផល មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកវត្តមានបង្គាក្លាស្សេមានចាក់បន្ថែមចាហ៊ួយ ចំនួន ៥៦ កេស ស្មើ ១០០៨គីឡូក្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។