គណបក្សប្រឆាំង​ថៃ ក្នុង​សភា​ទាមទារ​បោះឆ្នោត ផ្តល់​ទំនុកចិត្ត​លើ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​

សារព័ត៌មាន CNA នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​បាន​ផ្សាយ​ថា សមាជិកសភា​មកពី​គណបក្សប្រឆាំង បានស្នើ​បោះឆ្នោត ដក​ទំនុកចិត្ត​ទៅលើ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ។ សកម្មភាព​ខាងលើ​កើត​ឡើ ក្រោយ​ការដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច អំឡុង​ការ​រាតត្បាត​ជំងឺ COVID-19 ដែល​កំពុង​បង្កបញ្ហា​យ៉ាងធ្ងន់ធ្ងរ ដល់​សេដ្ឋកិច្ច​ប្រទេស​អាស៊ាន​មួយ​នេះ​។​

​មុននឹង​ការបោះឆ្នោត​ដក​ទំនុកចិត្ត ត្រូវធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ សភា​ថៃ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បានកំណត់​ពេល ០៤​ថ្ងៃ ដើម្បី​ធ្វើការ​ជជែក​ដេញដោល ទៅលើ​កិច្ចការងារ​របស់​រដ្ឋា​ភិ​បាល​លោក ប្រា​យុទ្ធ ចាន់​អូ​ចា​។ ខណៈ​ក្រុមអ្នកតាមដាន បាន​មើលឃើញ​រួចទៅហើយ​ថា ការរៀបចំ​បោះឆ្នោត​ដក​ទំនុកចិត្ត នឹងមិន​អាចធ្វើ​អ្វី​លោក ប្រា​យុទ្ធ បាន​នោះ វា​ក៏​នឹងដាក់​សម្ពាធ​កាន់តែខ្លាំង ទៅដល់​ផ្ទៃក្នុង​នៃ​រដ្ឋាភិបាល​លោក​ផងដែរ ចំពោះមុខ​ការផ្ទុះ​បាតុកម្ម​ឡើងវិញ ដើម្បី​ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង និង​ធ្វើកំណែទម្រង់់​របបរាជានិយម​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក សំ​ពង្ស អា​ម៉ន​វី​វ៉ាត (Sompong Amornvivat) មេដឹកនាំ​នៃ​គណបក្ស​ភឿ​ថៃ ដែលជា​បក្សប្រឆាំង​ធំ​បំផុត​នៅក្នុង​សភា បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំសភា ដែលមាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ ទូទាំងប្រទេស​ថៃ​ថា «​រដ្ឋាភិបាល​លោក (​ប្រា​យុទ្ធ​) អាច​ត្រឹមតែ​ជា​រដ្ឋាភិបាល​ប៉ារ៉ាស៊ីត ដែល​កំពុង​បំផ្លាញ​អនាគត និង​ក្តី​សុបិន​របស់​ប្រជាជន​តែប៉ុណ្ណោះ​»​។​

​គួរ​បញ្ជាក់ថា ក្រុម​បាតុកម្ម​បានធ្វើកា​រ​ប្រមូល​ផ្តុំគ្នា​ឡើងវិញ នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ នៅ​ទីក្រុង​បាងកក ដោយ​ទាមទារ​ឲ្យ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ចុះ​ចេញពី​តំណែង និង​ធ្វើកំណែទម្រង់​របបរាជានិយម​។ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ក្រុមអ្នកតវ៉ា​បានដាក់​ឱសានវាទ​មួយ ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ថៃ ដោះលែង​មេដឹកនាំ និង​សកម្មជន​នានា​ទាំងអស់​ដែល​កំពុង​ជាប់ឃុំ​ខ្លួន ឲ្យ​មាន​សេរីភាព​ឡើងវិញ​នៅក្នុង​អំឡុងពេល ០៧​ថ្ងៃ បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​រៀបចំ​ធ្វើបាតុកម្ម ក្នុង​ទ្រង់ទ្រាយ​ធំ​តែម្តង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close