ប្រាសាទ​កណ្តាល​ស្រះស្រង់ នឹង​បើក​ឱ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា នៅ​សប្តាហ៍​ក្រោយ​

​ខេត្តសៀមរាប​៖ ដើម្បី​អបអរសាទរ​ការបញ្ចប់​គម្រោង​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់​ជា​ស្ថាពរ ក្រោម​កិច្ចសហការ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​ជាមួយ​វិស័យ​ឯកជន អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​សាធារណជន​ចូល​ទស្សនា​ប្រាសាទ​កណ្តាល​ស្រះស្រង់​ជា​ផ្លូវការ នា​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

​ក្រោយ​បញ្ចប់​កិច្ច​ពិធី​សាសនា ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ និង​សាធារណជន​ទាំងអស់ អាច​អញ្ជើញ​ទៅ​ទស្សនា​ទិដ្ឋភាព​ប្រាសាទ​កណ្តាល​ស្រះស្រង់​ដើម្បី​ផ្តិត​យក​រូបភាព ស្វែងយល់​ពី​ប្រវត្តិ និង​សិល្បៈ​នៃ​ប្រាសាទ​នេះ​ដោយ​រីករាយ​។

សូម​បញ្ជាក់ដែរថា ប្រាសាទ​កណ្តាល​ស្រះស្រង់ បាន​កសាងឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ សតវត្ស​ទី​១២ ជា​តំណាងឱ្យ​ភ្នំ​ព្រះ​សុមេរុ​។ ប្រាសាទ​នេះ បាន​រង​ការ​បាក់បែក​ជាខ្លាំង​ដោយសារ​កត្តា​ធម្មជាតិ ហើយ​ដើម្បី​លើក​តម្លៃ​ប្រវត្តិសាស្ត្រ សំណង់​ប្រាសាទ និង​ទេសភាព​វប្បធម៌​នៃ​ស្រះស្រង់​ឡើងវិញ​នោះ អាជ្ញាធរ​ជាតិ​អប្សរា និង​វិស័យ​ឯកជន បាន​រួមដៃគ្នា​ជួសជុល​ប្រាសាទ​នេះ​ឡើងវិញ កាលពី​ខែធ្នូ ឆ្នាំ​២០១៩៕​​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close