ក្រសួងសាធារណការ បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួង មានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិស ដៅការងារឆ្នាំ២០២១ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ដូចតទៅ៖ គម្រោង បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ពីភ្នំពេញទៅតាកែវ និងផ្លូវជាតិលេខ១០ពីសំឡូតទៅ ខេត្តកោះកុង ការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ និង៥៨ ការបើកការដ្ឋានសាងសង់ផ្លូវជាតិ ចំនួន១១ខ្សែ និងផ្លូវជាតិលេខ១៤៦បេ ក្នុងខេត្តព្រះសីហនុដោយប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ បានរៀបចំផែនការមេសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្រុងសៀមរាប និងបានបើកការដ្ឋានសាងសង់ ផ្លូវ៣៨ខ្សែ និងកែលម្អដងស្ទឹងសៀមរាបក្នុងសៀមរាប ដោយប្រើកញ្ចប់ថវិកាសន្សំរបស់ជាតិ និងបាន បញ្ចប់ការសិក្សាផ្លូវជាតិលេខ៤៨ និងលេខ៧ (ស្គន់-កំពង់ចាម និងកំពង់ចាម-ត្រពាំងថ្លុង) និងការដាក់ ចេញនូវផែនការសកម្មភាពចំនួន៨២៩ចំណុច ដើម្បីអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនរបស់ ព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានការរីកចម្រើនឡើងថែមទៀត។
ជាមួយគ្នា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំសន្និបាតឆ្នាំនេះ និងបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែសម្រាប់បូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការ និងដឹក ជញ្ជូន ដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ក៏ដូចជាឆ្នាំ២០២០ប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជាវេទិកាមួយ សម្រាប់កំណត់ទិសដៅ និងផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ ដើម្បីអនុវត្តគោលនយោបាយ និងទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៦នេះ។
ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋា ភិបាលក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗដែលក្នុងនោះរួមមានដូចជា៖ គម្រោងផ្លូវ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងគម្រោងផ្លូវ៣៨ ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀត ទោះបីជាកម្ពុជាស្ថិតក្នុងបរិបទនៃសម័យកូវីដ-១៩ក៏ដោយ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនខិតខំប្រឹងប្រែងបន្តយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត តាមដាន ត្រួតពិនិត្យគុណភាពនៃការ សាង សង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ជាពិសេស គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុង សៀមរាប ខេត្តសៀមរាប គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ១១ខ្សែក្នុងខេត្តព្រះសីហនុ ផ្លូវក្រវ៉ាត់ ក្រុងទី៣ និងបណ្ដាផ្លូវជាតិសំខាន់ៗដែលបាន និងកំពុងដំណើរការសាងសង់ផងដែរ។
ចុងបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ ដែលមានស្នាដៃល្អក្នុងការងារ អញ្ជើញពិនិត្យមណ្ឌលផ្តល់សេវាសាធារណៈ និងទស្សនាវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។