គម្រោង​អភិវឌ្ឍន៍​ថ្មី លើ​ផ្ទៃដី​ប្រមាណ ៦៦​ហិកតា ទុនវិនិយោគ​ជាង ១០០​លាន​ដុល្លា​អាមេរិក ក្នុង​ខេត្ត​ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃ​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ពិធី​សម្ពោធ​ជា​ផ្លូវការ​គម្រោង​ក្រុមហ៊ុន លន ស៊ី​ធី ឡូត​ធឺ​ស​ស៊ី​ថោ​ន មាន​ទីតាំង​ស្ថិតក្នុង​ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស ពី​សំណាក់​ឯកឧត្តម​អ្នកឧកញ៉ា លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា ព្រមទាំង​វត្តមាន​ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលក្រុង​ស្រុក ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​។

​ឯកឧត្តម តុល លន ស្ថាបនិក​ក្រុមហ៊ុន លន ស៊ី​ធី ឡូត​ធឺ​ស​ស៊ី​ថោ​ន ក្រុងព្រះសីហនុ មានប្រសាសន៍ថា គម្រោង​នេះ​នឹង​អភិវឌ្ឍន៍​លើ​ផ្ទៃដី​ប្រមាណ ៦៦​ហិកតា ដែលមាន​ការសាងសង់​ជា​លំនៅដ្ឋាន ផ្ទះល្វែង បុរី វីឡា សម្រាប់​លក់​ជូន​អតិថិជន និង​សាងសង់​បន្ថែម នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​រួមមាន សាលារៀន សួនច្បារ ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ អាហា​រដ្ឋា​ន និង​កន្លែង​ហាត់ប្រាណ​ជាដើម ដែលមាន​ទុនវិនិយោគ​ជាង ១០០​លាន​ដុល្លា​អាមេរិក ក្នុងនោះ​ក្រុមហ៊ុន​ក៏បាន​គោរព​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេសជាតិ​នាំមក​នូវ​សុខសន្តិភាព បង្ក​ឱកាស​ដល់​ការវិនិយោគ និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។

​លោក រុណ រដ្ឋា នាយក​ប្រតិបត្តិ​គម្រោង លន ស៊ី​ធី ឡូត​ធឺ​ស​ស៊ី​ថោ​ន បានធ្វើ​របាយការណ៍​ជូន​អង្គពិធី​ថា ក្រុមហ៊ុន​នឹង​សាងសង់​នូវ​សំណង់​លំនៅដ្ឋាន ផ្ទះ​វីឡា ព្រមទាំង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្សេងៗ ដែល​ធានា​គុណភាព​ស្តង់ដា តាម​បទដ្ឋាន​វិស្វកម្ម និង​ស្ថាបត្យកម្ម ប្រកប​សោ​ភ័​ណ្ឌ​ភាព និង​ភាព​ស៊ី​វិ​ល័យ​សម័យថ្មី ដើម្បី​ផ្តល់ជូន​អតិថិជន​។

​មានប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​នេះ​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ លើកឡើងថា ទោះបីជា​ប្រទេស​កម្ពុជា និង​ពិភពលោក​ព្រួយបារម្ភ​ចំពោះ​ជម្ងឺ​កូ​វីដ​-១៩​ក្តី ប៉ុន្តែ​ចំពោះ​ការវិនិយោគ​លើ​វិស័យ​អចលនៈទ្រព្យ និង​ការសាងសង់​សំណង់ផ្ទះ​ល្វែង វីឡា បុរី លំនៅដ្ឋាន​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ក្នុង​ខេត្ត​ព្រះសីហនុ នៅតែមាន​សកម្ម​ភាពជា​បន្តបន្ទាប់ ស្រប​ពេលដែល​ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​តំបន់ឆ្នេរ​មួយ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ភ្លើង​បំភ្លឺ​ផ្លូវ និង​សំណង់​អាគារ​តូចធំ ក្នុង​ក្រុងព្រះសីហនុ ក៏ដូចជា​តាម​តំបន់​ទេសចរណ៍​នានា ហើយ​មួយវិញទៀត​ខេត្ត​ព្រះសីហនុ សំបូរ​ទៅដោយ​រមណីយ៍ដ្ឋាន​ទេសចរណ៍​ដើម្បីឱ្យ​ភ្ញៀវ​មក​ទស្សនា និង​លេង​កំសាន្ត​។

​ជាមួយនឹង​ការគាំទ្រ លើកទឹកចិត្ត​ចំពោះ​ដំណើរការ​អភិវឌ្ឍន៍រ​បស់​ក្រុមហ៊ុន លន ស៊ី​ធី ក្នុង​ខេត្ត​ព្រះសីហនុ ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ឲ្យ​យកចិត្តទុកដាក់ អនុវត្តន៍​វិធានការ បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​ជា​ចាំបាច់ នៅក្នុង​ការដ្ឋាន​ផ្ទាល់ ស្រប​ពេលដែល​វិធានការ បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ កំពុង​ធ្វើឡើង​គ្រប់​ទីកន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close