វៀតណាម​និង​ថៃ​មាន​ករណី​ឆ្លង​កូ​វីដ ១៩ ថយចុះ​នៅ​ថ្ងៃទី ២៣​ខែកុម្ភៈ​

​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង COVID-19 ក្នុងស្រុក​ថ្មីៗ​ចំនួន ០៩​ករណី​បន្ថែមទៀត ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​កើន​ដល់ ២,៤០១​ករណី​។​

​បើតាម​ក្រសួងសុខាភិបាល​វៀតណាម ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​ទាំងអស់​មាន ០៨​ករណី​ត្រូវបាន​រាយការណ៍​ចេញពី​ខេត្ត Hai Duong ភាគ​ខាងជើង​ប្រទេស ជាទី​ដែល​វីរុស​កូ​រ៉ូ​ណា (COVID-19) បាន​ឆ្លង​រាលដាល​ខ្លាំង​បំផុត សម្រាប់​រលក​ថ្មី​នៅ​ប្រទេស​វៀតណាម​។ ចំណែកឯ ០១​ករណី​ទៀត ត្រូវបាន​រកឃើញ​នៅ​ខេត្ត Quang Ninh​។​

​គួរ​បញ្ជាក់ថា រហូតមកទល់​ពេលនេះ ប្រទេស​វៀតណាម​បាន​កត់ត្រា​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំងប្រទេស ២,៤០១​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ៣៥​នាក់ និង​អ្នកជា​សះស្បើយ ១,៧១៧​នាក់​។​

​ចំណែក​នៅក្នុង​ប្រទេស​ថៃ​វិញ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ COVID-19 របស់​ប្រទេស​ថៃ (CCSA) នៅ​ថ្ងៃ​អង្គារ​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​នូវ​ករណី​ឆ្លង​ជំងឺ COVID-19 ថ្មីៗ​ចំនួន ៩៥​ករណី​បន្ថែមទៀត​។​

​បើតាម​អ្នកនាំពាក្យ CCSA លោក ថា​វី​ស៉ី​ព វី​សា​នុ​យោ​ធី​ន (Taweeslip Visanuyothin) ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើនេះ មាន​៩៣​ករណី​ជា​ករណី​ឆ្លង​ក្នុងស្រុក ហើយ​ក្នុងនោះ​ទៀតសោត មាន​៥៤​ករណី​ត្រូវបាន​រាយការណ៍​ចេញពី​ខេត្ត សាមុត សា​ខន (Samut Sakhon) និង​០២​ករណី​ទៀត​ត្រូវបាន​រាយការណ៍​ចេញពី ទីក្រុង​បាងកក​។ ចំណែកឯ ០២​ករណី​ផ្សេងទៀត​ជា​ករណី​នាំចូល ត្រូវបាន​រកឃើញ​លើ​អ្នកដំណើរ​ដែល​បាន​វិលត្រឡប់​មកពី​បរទេស​វិញ​។​

​គួរ​បញ្ជាក់ថា រហូតមកទល់​ពេលនេះ ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំងប្រទេស ២៥,៥៩៩​ករណី ក្នុងចំណោម​នោះ ២២,៨៨៥​ករណី ជា​ករណី​ឆ្លង​ក្នុងស្រុក​។ ចំណែកឯ ចំនួន​អ្នកស្លាប់​វិញ​នៅ​រក្សា​ត្រឹម ៨០​នាក់​ដដែល ខណៈ​ចំនួន​អ្នកជា​សះស្បើយ ២៤,៤៤៦​នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។​

​នៅថ្ងៃនេះ​ដែរ អាជ្ញាធរ​សុខាភិបាល​ថៃ​នៅ​ថ្ងៃ​អង្គារ​នេះ បានអនុម័ត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ឱសថ​ចិន Sinovac សម្រាប់​ការប្រើប្រាស់​ក្នុងករណី​បន្ទាន់ ដែលជា​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រទេស​នេះ ដើម្បី​ទទួលបាន​វ៉ាក់សាំង​ជា​ជំហាន​ដំបូង​ចំនួន ២០០,០០០​ដូ​ស នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​។​

​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ​លោក Anutin Charnvirakul បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រនះ​ថា រដ្ឋបាល​ចំណីអាហារ​និង​ឪ​សថ​ថៃ បានសម្រេច​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង Sinovac ក្នុងករណី​បន្ទាន់ ហើយ​កញ្ចប់​ដំបូង​នៃ​វ៉ាក់សាំង​ទាំងនេះ​គ្រោង​នឹង​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សុវណ្ណ​ភូមិ នៅ​ព្រឹក​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close