បទល្មើសជលផលជិត៤ពាន់ករណីត្រូវបានបង្រ្កាបនៅឆ្នាំ២០១៧នេះ
សៀមរាប ៖ ក្នុងឪកាសពិធីប្រារព្ធទិវាមច្ឆជាតិ កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៧កន្លងទៅ បទល្មើសជលផលចំនួន ៣.៩២៥ករណី ត្រូវបានបង្រ្កាប ក្នុងនោះបានបំផ្លាញចោលវត្ថុតាងចំនួន ៣.៧២៣ករណី , ពិន័យអន្ដរការណ៍ចំនួន ១១៦ករណី និងបញ្ជូនទៅតុលាការចំនួន ៨៦ករណី ខណៈដែលផលនេសាទក្នុងឆ្នាំ២០១៧កន្លងទៅ សម្រេចបានមានចំនួនជាង ៨០០ពាន់តោន កើនជិត៧ភាគរយ ពិសេសផ្នែកវារីវប្បកម្ម (ការចិញ្ចឹមត្រី)។
ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា ផលនេសាទចាប់ពីធម្មជាតិទាំងទឹកសាប និងសមុទ្រសម្រេចបានមានប្រមាណជាង ៦០០ពាន់តោន ក្នុងនោះទឹកសាបអនុវត្តបានចំនួនជាង ៥០០ពាន់តោន និងផលនេសាទសមុទ្រអនុវត្តបានជាង ១០០ពាន់តោន ដែលកើនឡើងប្រហាក់ប្រហែលនឹងឆ្នាំ២០១៦ ហើយជាទិសដៅគោលនយោបាយរបស់ក្រសួងកសិកម្ម គឺបង្កើនការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តភាព តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្ដីពីជលផល រក្សាការចាប់ផលជលផលពីធម្មជាតិក្នុងរង្វង់ ៦០០ពាន់តោនក្នុងមួយឆ្នាំ ជំរុញវារីវប្បកម្មឱ្យកើនឡើងពី ១៥ទៅ២០ភាគរយក្នុងមួយឆ្នាំ និងធ្វើឱ្យសហគមន៍នេសាទមានកម្រិតជីវភាពកាន់តែប្រសើរឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។