អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ការដ្ឋាន​កំណាយ​ស្រាវជ្រាវ​នៅមុខ​ព្រះ​លានជល់ដំរី​

​ខេត្តសៀមរាប​៖ កាលពី​រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះទៅពិនិត្យ​ការដ្ឋាន​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅមុខ​ព្រះ​លានជល់ដំរី មុននឹង​ដំណើរ​ការរៀបចំ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ផ្លូវ​ថ្មើ​ជើង សួន​ស្មៅ ដាំ​ដើមឈើ និង​ប្រព័ន្ធ​បង្ហូរទឹក​។​

​ក្នុងឱកាស​នោះ លោកជំទាវ​ឧកញ៉ា នាងវិសាខា អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភក៍ កិ​តិ្ត​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ក៏បាន​អញ្ជើញ​ទៅ​ទស្សនា​និង​ស្វែងយល់​ពី​កំណាយ​ស្រាវជ្រាវ​នេះ​ពី​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ផង ព្រមទាំង​កោតសរសើរ​ចំពោះ​កិច្ចការ​របស់​ក្រុម​អ្នកជំនាញ​និង​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ខិតខំ​បំពេញការងារ​អភិរក្ស អភិវឌ្ឍន៍​បាន​យ៉ាង​ល្អប្រសើរ​។ ពិសេស លោកជំទាវ​ក៏​សម្តែង​សេចក្តី​រីករាយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​អាជ្ញាធរ​ជាតិ​អប្សរា ផ្តល់ឱកាស​ឱ្យ​លោកជំទាវ​បាន​ចូលរួមចំណែក​ថែរក្សា​សម្បត្តិ​ដូនតា​លើ​ទឹកដី​អង្គរ​បាន​យ៉ាងច្រើន​។​

​ឯកឧត្តម ហង់ ពៅ ក៏បាន​កោតសរសើរ​និង​ថ្លែងអំណរគុណ​ចំពោះ​លោកជំទាវ​ដែល​បាន​ចំណាយធនធាន​ចូលរួម​ក្នុង​កិច្ចការ​អភិរក្ស​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​និង​លើក​តម្លៃ​បេតិកភណ្ឌ​ពិភពលោក ដែលជា​ដួងព្រលឹង​តំណាង​ជាតិខ្មែរ​។ ក្នុងនោះដែរ ឯកឧត្តម​អគ្គនាយក ក៏​ស្តាប់​បទ​បង្ហាញ​ពី​អ្នកជំនាញ​ចំពោះ​លទ្ធផល​កំណាយ​នៅក្នុង​ការដ្ឋាន​នេះ ហើយ​លើកទឹកចិត្ត​ចំពោះ​កិច្ចការ​ស្រាវជ្រាវ​ដើម្បី​បង្ហាញ​របើក​គំហើញ​ថ្មីៗ​នៅ​តំបន់​អង្គរ​ផង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close