ក្នុងឆ្នាំកន្លងទៅ! កសិករ ១២០គ្រួសារ រកប្រាក់ចំណេញជាង ១០ម៉ឺនដុល្លារ ពីការលក់ផលិតផលស្រូវ និងបន្លែ
តាមរយៈអង្គការWWF បានឲ្យដឹងថា កាលពីសប្តាហ៍មុន លោកស្រី Laura Cizmo អនុប្រធាននាយកដ្ឋានបរិស្ថាន និងសន្តិសុខស្បៀង នៃទីភ្នាក់ងារជំនួយអាមេរិក(USAID) អមដំណើរដោយអ្នកតំណាងផ្សេងទៀតមកពី USAID, WWFនិងក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា បានទៅទស្សនា និងពិភាក្សាការងារជាមួយសមាជិកសហគមអភិរក្សឃ្មុំព្រៃ និងក្រុមកសិករនៃកម្មវិធីទន្សោងកោះញែក ដែលអនុវត្តគោលការកសិកម្មដើម្បីផ្សារភ្ជាប់នឹងការអភិរក្ស ដែលគាំទ្រថវិកាដោយ USAID តាមរយៈគម្រោង គាំទ្រដែនជម្រកសត្វព្រៃដែលអនុវត្តដោយអង្គការWWF និងក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា។
គណៈប្រតិភូ បានកោតសរសើរចំពោះលទ្ធផលក្នុងការដាំដុះរបស់កសិករចំនួន ១២០គ្រួសារ ដែលបាននិងកំពុងអនុវត្តគោលការណ៍កសិកម្មផ្សារភ្ជាប់នឹងការអភិរក្ស ក្នុងផែនការកសិកម្មរបស់ពួកគាត់ ដែលជាកត្តាលើកទឹកចិត្តទៅដល់ការអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ ខណៈផ្តល់ដល់ពួកគាត់នូវប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
តាមរយៈគម្រោងនេះដែរ ក្នុងឆ្នាំ២០២០ កសិករទាំង១២០គ្រួសារ ទទួលបានប្រាក់ចំណេញសរុបប្រមាណជាង ១០ម៉ឺនដុល្លារមកពីការលក់ និងផ្គត់ផ្គង់ ផលិតផលស្រូវ និងបន្លែគ្រប់ប្រភេទបញ្ចូលគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។