ក្រុម​អ្នកសារព័ត៌មាន​នៅ​ឥណ្ឌូនេស៊ី​ទទួលបាន​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩

​អ្នកសារព័ត៌មាន​គឺជា​បុគ្គល​ងាយ​រងគ្រោះ​ដោយ​ការឆ្លង​កូ​វីដ ១៩ ដោយសារតែ​បាន​ទៅ​ចូលរួម​ក្នុង​ព្រិ​ត្តិ​ការណ៍​សំខាន់ៗ​ដើម្បី​យក​ព័ត៌មាន ពិសេស​គឺ​តំបន់​ប្រជុំជន ក៏ដូចជា​ចូលរួម​នៅក្នុង​កម្មវិធី​នានា​របស់​រដ្ឋាភិបាល ។​ ​សារព័ត៌មាន​ចិន​ស៉ី​ន​ហួរ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ផ្សាយ​ថា ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​ម​នេះ​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូ​រ៉ូ​ណា (COVID-19) ទ្រង់ទ្រាយ​ធំ​ជូន​ដល់​ក្រុម​អ្នកសារព័ត៌មាន ហើយ​។​

​ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៉ី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) បាន​គូសបញ្ជាក់ថា​មនុស្ស​ប្រហែល ៥,៥០០​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​នេះ​សម្រាប់​ដូ​ស​ដំបូង របស់​ពួកគេ​រួចរាល់​ហើយ បន្ទាប់ពី​សម្រេច​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ជូន​ដល់​ក្រុម​អ្នកសារព័ត៌មាន​ដែល​គ្រោង​នឹងធ្វើ​ឡើង​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​។​

​លោក​ប្រធានាធិបតី​បាន​គូស​បញ្ជាក់បន្ថែម​ដូច្នេះ​ទៀត​ដ​ថា «​យើង​សង្ឃឹមថា​ការចាក់​វ៉ាក់សាំង​នេះ​នឹង​ផ្តល់​ការការពារ​ដល់​ក្រុម​អ្នកសារព័ត៌មាន​របស់​យើង ជាពិសេស អ្នក​ដែល​នៅតាម​ទីសាធារណៈ​ដែល​តែងតែ​ទាក់ទង​ជាមួយ​សាធារណជន និង​ទាក់ទង​ជាមួយ​ប្រភព​នានា​ជារឿយៗ​»​។ ការចាក់​វ៉ាក់សាំង​ជូន​ដល់​ក្រុម​អ្នកសារព័ត៌មាន​នេះ មិន​ត្រឹមតែ​ត្រូវបាន​អនុវត្ត​នៅក្នុង​រដ្ឋធានី​ហ្សា​ការ​តា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ត្រូវបាន​អនុវត្ត​នៅតាម​បណ្តា​ខេត្ត​ផ្សេងទៀត​នៅ​ទូទាំងប្រទេស​ផងដែរ​។​

​គួរ​បញ្ជាក់ថា ឥណ្ឌូណេស៊ី​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស COVID-19​នេះ តាំងពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១​មក​ម្លេះ ដោយមាន​គោលដៅ​ចាក់​ជូន​ដល់ ប្រជាជន​ចំនួន ១៨១,៥​លាន​នាក់​រហូតដល់​ឆ្នាំ​២០២២​ខាងមុខនេះ ដើម្បី​ទទួលបាន​ភាពស៊ាំ​ជា​សហគមន៍ និង​បញ្ចប់​ការឆ្លង​រាតត្បាត​នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ​។​ ​នៅពេល​នេះដែរ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ភាគច្រើន​ទទួលបាន​វ៉ាក់សាំង​នឹង​ចាប់ផ្តើម​ចាក់​ជូន​ពលរដ្ឋ ។ នៅពេល​នេះដែរ ហ្វីលីពីន ក៏​នឹង​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​ដំបូង នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​ខ្លួន នា​សប្តាហ៍​ក្រោយ​។​

​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ឲ្យ​ដឹងថា វ៉ាក់សាំង COVID-19 ចំនួន ៦០០,០០០​ដូ​ស របស់​ក្រុមហ៊ុន​ចិន Sinovac Biotech ដែលជា​ជំនួយ​បរិច្ចាគ​របស់​រដ្ឋាភិបាល​ចិន នឹង​មកដល់​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ​។ សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​វិញ គឺ​នឹង​ចាប់ផ្តើម​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។​

​ក្រៅពី​វ៉ាក់សាំង​ដែល​ជំនួយ​បរិច្ចាគ​ខាងលើ រដ្ឋាភិបាល​ហ្វីលីពីន​ក៏បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ចំនួន​២៥​លាន​ដូ​ស ពី​ក្រុមហ៊ុន Sinovac ដែរ​។ បន្ថែម​ពីនេះ វ៉ាក់សាំង​ចំនួន ១០,០០០​ដូ​សទៀ​តរបស់​ក្រុមហ៊ុន​ចិន Sinopharm ក៏​នឹង​មកដល់​ឆាប់ៗ​ដូចគ្នា ប៉ុន្តែ​នឹង​ប្រើ​សម្រាប់តែ​ក្រុម​កង​អង្គរក្ស​របស់លោក ឌូ​តឺ​តេ ប៉ុណ្ណោះ​។ រីឯ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អង់គ្លេស AstraZeneca នឹង​មកដល់​ហ្វីលីពីន​នៅ​ខែមីនា​ខាងមុខ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close