ថ្ងៃនេះ​! កម្ពុជា បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ៤៤​នាក់ មាន​៤០​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​»

ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​បន្ត​ប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​៤៤​នាក់ ក្នុងនោះ​មាន​៤០​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» និង​៤​នាក់ ជា​ករណី​ធ្វើដំណើរ​មកពី​ក្រៅប្រទេស​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា អ្នក​ដែល​ឆ្លង​ក្នុង​សហគមន៍​៤០​នាក់​នេះ មាន​ជនជាតិ​ចិន​ចំនួន​៣១​នាក់​, ជនជាតិ​វៀតណាម​ចំនួន ៦​នាក់​, ជនជាតិខ្មែរ ២​នាក់ និង​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​។​ ​សម្រាប់​អ្នកដំណើរ​មកពី​ក្រៅប្រទេស​ដែល​រកឃើញ​ឆ្លង​កូ​វីដ​១៩ វិញ​មាន​ជនជាតិខ្មែរ​ម្នាក់ ដែលជា​បម្រើការ​នៅ​អង្គការសហប្រជាជាតិ (​កងទ័ព​មួក​ខៀវ UN), ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ និង​ជនជាតិ​ចិន​២​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៧៤១​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៤៧៧​នាក់ និង​អ្នកជំងឺ​ចំនួន ២៦២​នាក់​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​។ សម្រាប់​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០​កុម្ភៈ គឺ​កើន​សរុប​ចំនួន ២៣៥​នាក់​ហើយ​៕

   

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close