អាជ្ញាធរ បិទ​ទីតាំង ៧៥​កន្លែង ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ ក្នុង​រាជធានី​ភ្នំពេញ

​ភ្នំពេញ​៖ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ទីតាំង​រហូតដល់​ចំនួន ៧៥​កន្លែង​ហើយ នៅ​រាជធានី​ភ្នំពេញ ដែល​ទីតាំង​ទាំងនោះ បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ព្រឹ​ត្ត​ការណ៍​សហគមន៍​២០​កុម្ភៈ​។​

​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ ឯកឧត្តម ឃួ​ង ស្រេង កាលពី​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ ម្សិលមិញ បានប្រកាស​ឱ្យ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ទាំង​១៤ ត្រូវ​ពង្រឹង​វិធានការ​គ្រប់គ្រង​កន្លែង​បិទ​ទីតាំង​ទាំងអស់​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ខណៈ​ចំនួន​អ្នក​ឆ្លង​មានការ​កើនឡើង​។

​ជាមួយគ្នា ឯកឧត្តម បាន​ណែនាំ​ដល់​អភិបាលខណ្ឌ​ទាំង​១៤ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ឱ្យ​បាន​ម៉ឹងម៉ាត់​ជុំវិញ​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ដាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ យាមកាម​នៅ​ទីតាំង​ដែល​បាន​រកឃើញ​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ កន្លែង​ព្យាបាល និង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ធានាបាន​សណ្តាប់ធ្នាប់​ល្អ និង​គ្រប់គ្រង​ស្ថានភាព​អ្នកជំងឺ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​សូមបញ្ជាក់ថា មាន​ទីតាំង​ជា​បន្តបន្ទាប់​ទៀត ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានគ្រោង​និង​បិទ​បណ្តោះអាសន្ន ដោយ​កំពុងតែ​សហការ​ជាមួយនឹង​ក្រសួងសុខាភិបាល​ដើម្បី​ឈានទៅ​បិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ក្រោយពី​បានទទួល​ព័ត៌មាន​ថា ទីតាំង​នោះ​គឺមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ​៕​

 

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close