ថៃ ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីចិន និងអង់គ្លេស ព្រមគ្នាក្នុងថ្ងៃតែមួយ
ប្រទេសថៃ៖ បន្ទាប់ពីវ៉ាក់សាំង ស៊ីណូវ៉ាក់ ផលិតនៅប្រទេសចិន ចំនួន២០ម៉ឺនដូស ត្រូវបានដឹកជញ្ជូនមកដល់ប្រទេសថៃ មិនបានប៉ុន្មានម៉ោងផង វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតនៅប្រទេសអង់គ្លេស AstraZeneca ចំនួន១១៧៦០០ដូស ទៀតក៏ត្រូវបានបញ្ជូនមកដល់ថៃដែរ ក្នុងថ្ងៃតែមួយ។
វ៉ាក់សាំងទាំងពីរប្រភេទនេះនឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យ មុនពេលចែកចាយទៅក្រុមគោលដៅដែលត្រូវចាក់។ បន្ទាប់ពីមកដល់ប្រទេសថៃ កាលពីថ្ងៃទី២៤ កុម្ភៈ តាមគម្រោង ថៃនឹងចាប់ផ្តើមចាក់វ៉ាក់សាំងទាំងនេះជូនពលរដ្ឋខ្លួន ចាប់ពីដើមខែមីនា ២០២១ ដោយគេដឹងថា រដ្ឋមន្ត្រីសុខាភិបាលថៃនឹងចាក់វ៉ាក់សាំងចិនមុនគេ ខណៈដែលលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា គ្រោងនឹងចាក់វ៉ាក់សាំងមុនគេ។
ថៃបញ្ជាទិញវ៉ាក់សាំងចិន ២លានដូស ប៉ុន្តែបញ្ជាទិញពីក្រុមហ៊ុនអង់គ្លេស AstraZeneca ៦១លានដូស រួមបញ្ជូលទាំងបច្ចេកវិទ្យាផលិត ដែលក្រុមហ៊ុន Siam BioScience ទទួលបន្ទុកផលិតក្នុងស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។