ឆ្នាំ២០២០ កម្ពុជា នាំចេញទៅសហរដ្ឋអាមេរិកជាង ៦ ៥៧០លានដុល្លារ កើនឡើងជាង ២២ភាគរយ
ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅឆ្នាំ ២០២០ នៅតែរក្សាបានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ទោះបីពិភពលោកកំពុងរងការយាយីយ៉ាងធ្ងន់ធ្ងរពីជំងឹកូវីដ១៩ក៏ដោយក្តី ហើយមិនតែប៉ុណ្ណោះក៏បានធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា នាពេលបច្ចុប្បន្ន ដែលរុញច្រានទីផ្សារសហភាពអឺរ៉ុបធ្លាក់មកលំដាប់ទីពីរវិញផងដែរ។
យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានចេញផ្សាយជាផ្លូវការនៅដើមសប្តាហ៍នេះ បានឲ្យដឹងថា ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាមេរិក មានតម្លៃទឹកប្រាក់សរុប ៦៥៧៧លានដុល្លារអាមេរិក បានកើនឡើង ២២,៧៩ភាគរយ បើធៀបកាលពីឆ្នាំ ២០១៩។ ដោយឡែកការនាំចេញរបស់សហរដ្ឋអាមេរិក ត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ ២០២០ មានតម្លៃទឹកប្រាក់សរុបប្រមាណ ៣៤៣លានដុល្លារ។ តួលេខនេះ បានធ្លាក់ចុះ ៣៣,២៦ភាគរយ បើធៀបកាលពីឆ្នាំមុន។
សម្រាប់ទំនិញដែលនាំចេញពីកម្ពុជា ទៅទីផ្សារអាមេរិកភាគច្រើនលើសលុបជាផលិត ផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ។ ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកមានដូចជា គ្រឿងអេឡិតត្រូនិក យានយន្ត គ្រឿងចក្រ ឳសថ និងបរិក្ខាពេទ្យជាដើម។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកផ្តល់ឲ្យកម្ពុជានូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្រោមកម្មវិធីនៃប្រព័ន្ធអនុគ្រោះទូទៅ (GSP) ធ្វើឲ្យកម្ពុជា អាចនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយការអនុគ្រោះពន្ធគយនូវទំនិញ ចំនួនជាង ៥០០០មុខ។ នៅក្រោមប្រព័ន្ធអនុគ្រោះ GSP ទាំងស្រុង ប្រទេសកម្ពុជា បាននាំទំនិញសម្រាប់ការធ្វើដំណើរ ដែលមានតម្លៃជិត ១ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំ ២០១៩ និងនៅឆ្នាំ ២០២០ តម្លៃទឹកប្រាក់នាំចេញផលិតផលបានកើនឡើងថែមទៀត។
ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ចាប់ផ្តើមមានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ គិតចាប់តាំងពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានអនុគ្រោះពន្ធទាំងស្រុងសម្រាប់ផលិត ផលសម្រាប់ធ្វើដំណើររបស់កម្ពុជា កាលពីឆ្នាំ ២០១៦មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។