ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា កាន់តែ​អាក្រក់ ក្រោយ​មាន​បាតុកម្ម​ពីរ​ក្រុមគាំទ្រ និង​ប្រឆាំង​ប៉ះទង្គិច​គ្នា​

​ក្រុម​អ្នកគាំទ្រ ទាហាន​មី​យ៉ាន​ម៉ា និង ក្រុមបាតុករ​ប្រឆាំង​និង​ការគ្រប់គ្រង​ដោយ​យោធា បាន​ប៉ះទង្គិច​គ្នា បង្ក​ឲ្យ​ស្ថានភាព​កាន់តែ​តានតឹង កាន់តែខ្លាំង ។ ក្រុម​អ្នកគាំទ្រ​យោធា​បំពាក់​ដោយ​អាវុធ​ដើម្បី​វាយប្រហារ​ទៅលើ​ក្រុមបាតុករ ប្រឆាំង នៅ​ទីក្រុង Yangon កាលពី​ថ្ងៃទី​២៥​ខែកុម្ភៈ​។​

​ស្ថានភាព​ខាងលើ បង្កក្តី​បារម្ភ​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តរជាតិ ពី​វិបត្តិ​នៅក្នុង​ប្រទេស​នេះ​កាន់តែ​ធ្ងន់​ជាង​មុន​។ ជាមួយគ្នានេះ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន បាន​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់ វិបត្តិ​នៅ​ប្រទេស​មី​យ៉ាន​ម៉ា​។​

​កាលពី​ថ្ងៃទី ២៥​ខែកុម្ភៈ​នោះដែរ ចក្រភព​អង់គ្លេស​បានប្រកាស​ដាក់​ទណ្ឌកម្ម ទៅលើ​មន្ត្រី​យោធា​ជាន់ខ្ពស់​នៅ​មី​យ៉ាន់​ម៉ា​មួយចំនួន ដែល​ពាក់ព័ន្ធ​ទៅនឹង​រដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាល​លោកស្រី អោ​ង សាន ស៊ូ ជី កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ​។​

​ក្រសួងការបរទេស​អង់គ្លេស​បាន​ឲ្យ​ដឹងថា ទណ្ឌកម្ម​ត្រូវដាក់​ទៅលើ មន្ត្រី​យោធា​មី​យ៉ាន់​ម៉ា​សរុប​ចំនួន ០៦​រូប​ទៀត បន្ថែម​ពីលើ​មន្ត្រី​យោធា ១៩​រូប ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ជាស្រេច​។ ក្រសួងពាណិជ្ជកម្ម​អង់គ្លេស នឹងធ្វើ​ការត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់ ដោយ​មិនត្រូវ​ឲ្យ​អង់គ្លេស​ធ្វើ​ពាណិជ្ជកម្ម​ណាមួយ ជាមួយ​ក្រុមហ៊ុន​ដែលជា​កម្មសិទ្ធិ របស់​យោធា​មី​យ៉ាន់​ម៉ា​នោះឡើយ​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស លោក ដូ​មី​នី​ក រ៉ា​អាប (Dominic Raab) បាន​គូសបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​ថា «​កញ្ចប់​នៃ​វិធានការ​ថ្ងៃនេះ ជាការ​ផ្ញើ​សារ​ដ៏​ច្បាស់លាស់​ទៅកាន់​របប​យោធា នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ថា អ្នក​ដែល​រំលោភបំពាន​សិទ្ធិមនុស្ស ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន​, ហើយ​យោធា​ត្រូវតែ​ប្រគល់​អំណាច ទៅ​ឲ្យ​រដ្ឋាភិបាល​ដែល​ប្រជាជន បាន​បោះឆ្នោត​គាំទ្រ​គាំទ្រ​នោះ​វិញ​»​។​

​គួរ​បញ្ជាក់ថា នៅមុន​ការដាក់ទណ្ឌកម្ម ពី​សំណាក់​ចក្រភព​អង់គ្លេស​ខាងលើនេះ អគ្គមេបញ្ជាការ​យោធា​មី​យ៉ាន់​ម៉ា លោក មីន អោ​ង ហ្លេ​ង (Min Aung Hlaing) នៅក្នុង​កិច្ចប្រជុំ​មួយ​នៃ​រដ្ឋាភិបាល​ថ្មី​របស់លោក បាន​អំពាវនាវ​ឱ្យ​មន្ត្រី​នានា ផ្ដោតជាសំខាន់​លើ​ការកាត់បន្ថយ​ការនាំ​ចូល ហើយ​បង្កើន​ការនាំចេញ​។ មេដឹកនាំ​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា បាន​អំពាវនាវ​ឱ្យមាន​កិច្ចប្រឹងប្រែង​ប្រកបដោយ​ថាមពល ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ខណៈ​ប្រទេស​នេះ​កំពុង​ប្រឈមមុខ​នឹង​សម្ពាធ ព្រមទាំង​ទណ្ឌកម្ម​ពី​សំណាក់​បណ្ដា​ប្រទេស​លោកខាងលិច ជុំវិញ​ការបង្ក្រាប​ក្រុមបាតុករ ដែល​កំពុង​ធ្វើបាតុកម្ម​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close