ការសាងសង់​ព្រលានយន្តហោះ​ថ្មី នៅ​ខេត្តសៀមរាប ជួប​បញ្ហា​ប្រឈម​ធំៗ​២ ដែលត្រូវ​ដោះស្រាយ​

ខេត្តសៀមរាប​៖ ក្នុងឱកាស​ជួបប្រជុំ​ជាមួយ​ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​ម្សិលមិញ លោក LU WEI ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុន​អាកាសយានដ្ឋាន​សៀមរាប អង្គរ បានស្នើ​សុំឱ្យ​មានការ​គាំទ្រ​និង​ជំរុញ​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​តាមរយ​: ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី ដើម្បី​បង្កើនល្បឿន និង​ដោះស្រាយ​កង្វល់​០២​យ៉ាង គឺ ១. ផ្នែក​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី និង​ការផ្គត់ផ្គង់​អគ្គិសនី និង ២. ការតភ្ជាប់​បណ្តាញទឹក​ស្អាត និង​ការផ្គត់ផ្គង់​ទឹកស្អាត​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ បាន​មានប្រសាសន៍ថា រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល នឹង​សហការ​ខិតខំ​ជំរុញ​ដល់​ស្ថាប​ន័​ពាក់ព័ន្ធ​នៅ​ខេត្តសៀមរាប ក្នុង​ការជួយ​សម្រួល​ដោះស្រាយ​បញ្ហា​ដែល​បានលើកឡើង ដើម្បី​ឲ្យ​បានសម្រេច​ទៅតាម​ផែនការ​ដែល​បាន​គ្រោងទុក ព្រោះថា ការសាងសង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​-​អង្គរ ត្រូវបាន​ចាត់ទុកជា​និមិត្តរូប​នៃ​ចំណងមិត្តភាព​កម្ពុជា​និង​ចិន ។

​អ្នកជំនាញ​នៃ​ក្រុមការងារ​ចិន ដែល​កំពុង​ប្រតិបត្តិការ​នៅ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ បាន​ឲ្យ​ដឹងថា​៖ តាម​ផែនការ​សម្រាប់​ឆ្នាំ​២០២១​នេះ ការសាងសង់​គម្រោង​ទាំងមូល គ្រោង​នឹង​សម្រេច​ឲ្យ​បាន​ប្រមាណ​ជា​៦៧​ភាគរយ ដែល​នៅ​ក្នុងនោះ ការសាងសង់​ស្ថានីយ​អ្នកដំណើរ​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​៧៨​ភាគរយ , ការកសាង​តំបន់​ហោះហើរ​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​៤៥​ភាគរយ និង​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ​របស់​អាកាសយានដ្ឋាន​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​៥០​ភាគរយ ។​

​ចាប់តាំងពី​ដំណើរការ​ការដ្ឋាន​សាងសង់​ស្ថានីយ​អ្នកដំណើរ កាលពី​ពាក់កណ្តាល​ខែមីនា​ឆ្នាំ​២០២០ មកដល់​ចុងឆ្នាំ​២០២០ គឺ​សម្រេចបាន​១៥​ភាគរយ ចំណែក​ការសាងសង់​តំបន់​ហោះហើរ​ដែល​ចាប់ផ្តើម​ការដ្ឋាន​នា​ពាក់កណ្តាល​ខែតុលា មកដល់​ចុងឆ្នាំ​២០២០​ដូចគ្នា សម្រេចបាន​ប្រមាណ​ជា​១០​ភាគរយ ហើយ​គ្រោង​នឹង​បញ្ចប់ ដោយ​ឆ្លងកាត់​ការត្រួតពិនិត្យ​របស់​ក្រុមបច្ចេកទេស​និង​អង្គភាព​ជំនាញ ឈានទៅ​បំពេញ​លក្ខខណ្ឌ​ប្រតិបត្តិការ​របស់​អាកាស​យានដ្ឋាន នា​ពាក់​កណ្តាលខែ​មិនា ឆ្នាំ​២០២៣ គឺមាន​រយៈពេល​សរុប​៣៦​ខែ បើ​គិត​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២០​។​

​គួរ​បញ្ជាក់ថា អាកាសយានដ្ឋាន​ថ្មី​នេះ ស្ថិតនៅក្នុង​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម មាន​ចម្ងាយ​ប្រមាណ​ជា​៥១​គីឡូ​មែត្រ​ពី​ក្រុង​សៀមរាប ស្ថិតក្នុង​លំដាប់​4E មាន​ផ្លូវ​រត់​ប្រវែង​៣ ៦០០​ម៉ែត្រ ទទឹង ៤៥​ម៉ែត្រ មាន​៣៨​ចំណត​យន្តហោះ និង​មាន​ក្រឡា​ផ្ទៃ​ស្ថានីយ៍​អ្នកដំណើរ​ជាង​៨​ម៉ុ​ន​ម៉ែត្រក្រឡា ដែល​អាច​ទទួល​អ្នកដំណើ​រ​ជាប្រចាំ​ឆ្នាំ​ប្រមាណ​ជា​៧​លាន​នាក់​។

អាកាសយានដ្ឋាន​អន្តរជាតិ​ខ្នាត​ដ៏​ធំ​មួយ​នេះដែរ ត្រូវបាន​ស្ថិត​ក្រោក​កិច្ចព្រមព្រៀង BOT រយៈពេល​៥៥​ឆ្នាំ ដែល​ក្រោយពេល​ប្រតិបត្តិការ​ត្រូវបាន​បញ្ចប់ គម្រោង​នេះ​នឹងត្រូវ​ប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​។ អាកាសយានដ្ឋាន​ថ្មី​នេះ ក៏មាន​ចម្ងាយ​ប្រមាណ​ប្រហែលជា​៤០​គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គ​វត្ត ដែល​ធានាបាន​ថា ការហោះហើរ​និង​ចុះចត មិនមាន​ផល​អវិជ្ជមាន​នៃប្រតិបត្តិ​ការ​របស់​អាកាសយាន​ដ្ឋា​ន​ចំពោះ​ប្រាសាទ​អង្គ​វត្ត និង​សំណង់​ស្ថាបត្យកម្ម​ជុំវិញ​នោះឡើយ​៕

​ប្រភពពី​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close