មន្ត្រីរាជការ​ខេត្ត​ប៉ៃលិន ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូ​វីដ​-១៩

​ខេត្ត​ប៉ៃលិន​៖ កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ពិនិត្យមើល​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីត​-១៩ (​ស៊ី​ណូ​ហ្វា​ម​) ជា​ជំនួយ​របស់​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល​ខេត្ត ចំនួន ១៩១​នាក់ ដែលមាន​អទិភាព​ទទួល​វ៉ាក់សាំង​មុនគេ​។​

​លោកស្រី បាន ស្រីមុំ បាន​មានប្រសាសន៍​លើកឡើងថា ការចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដោយ​ការ​ស្ម័គ្រចិត្ដ គឺជា​កាតព្វកិច្ច និង​ជាការ​ចូលរួម​អនុវត្ដ​ន៍​នូវ​វិធានការ​សុខាភិបាល ដើម្បី​ការពារ​ការចម្លង​រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស និង​សហគមន៍ ក្រោម​ការយកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រមុខ​ថ្នាក់ដឹកនាំ​។​

​លោកស្រី អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់ថា បន្ទាប់ពី​បានទទួល​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ផលិត​នៅ​ប្រទេស​ចិន ចំនួន ៦០​ម៉ឺន​ដូ​ស រាជរដ្ឋាភិបាល​បានចាប់ផ្ដើម​ធ្វើការ​ចាក់​វ៉ាក់សាំង​ដល់​ក្រុម​គោលដៅ​សំខាន់ៗ​រួមមាន​៖ អ្នកនយោបាយ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និង​ក្រុម​អ្នកសារព័ត៌មាន ព្រមទាំង​បានធ្វើការ​ផ្សព្វផ្សាយ​ដល់​សាធារណៈជន អំពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​នេះ​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកស្រី បាន ស្រីមុំ ក៍បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់​មិនត្រូវ​ភ្លេចខ្លួន និង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​អនុវត្តន៍​នូវ​វិធាន ការការពារ COVID-19 របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ ៣​ការពារ និង​៣​កុំ ជាពិសេស​ត្រូវខិតខំ​ប្រកបមុខរបរ និង​ធ្វើ​ស្រែចំការ ដាំ​ដំណាំ​រួម​ផ្សេងៗ ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​ក្នុង​គ្រួសារ​ប្រចាំថ្ងៃ កុំ​យក​ពេលវេលា​ទំនេរ​ទៅ​ប្រព្រឹត្តិ​អំពើ​ខុសច្បាប់ ដូចជា​ល្បែងស៊ីសង​ផ្សេងៗ​ជាដើម ត្រូវ​អប់រំ​កូនចៅ និង​ខ្លួនឯង​ជាស​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន​។

​បើតាម​ការបញ្ជា​ក់រប​ស់លោក ស្លះ យូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ខេត្ត​ប៉ៃលិន​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ស៊ី​ណូ​ហ្វា​ម ដែលជា​ជំនួយ របស់​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ដំណាក់កាល​ទី​១ នេះ មាន​ចំនួន ១២០០​ដូ​ស ស្មើនឹង​ចាក់​បាន​មនុស្ស​ចំនួន ៦០០​នាក់ ហើយ​សម្រាប់​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល​ខេត្ត ដែលមាន​អទិភាព​ទទួលបាន​វ៉ាក់សាំង​នេះ​មុនគេ គឺមាន​ចំនួន ១៩១​នាក់​៕​
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close