​ក្រុម​ហ៊ុន​ផលិត​ដែក​វៀត​ណាម ចង់​​​​បង្កើត​​​​រោង​ចក្រ​​​​ក្នុង​ខេត្ត​ព្រះ​សីហនុ

ព្រះសីហនុ ៖ ក្រុម​ហ៊ុន​ផលិត​ដែក​ធំ​មួយ​របស់​វៀត​ណាម​ឈ្មោះ Hoa Phat កាលពី​ដើម​សប្ដាហ៍​នេះ បាន​ប្រកាស​ឲ្យ​ដឹងថា ខ្លួន​មាន​គម្រោង​សាង​សង់​រោង​ចក្រ​ផលិត​ដែក នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​ពី ១០០ ទៅ ១៥០ហិកតា ក្នុង​ខេត្ត​ព្រះ​សីហនុ ។

លោក Chu Quang Vu ប្រធាន​នាយក​ដ្ឋាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ នៃ​ក្រុម​ហ៊ុន Hoa Phat ក្នុង​ជំនួបជា​មួយ​អភិបាល​ខេត្ត​ព្រះ​សីហនុ​កាលពី​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុម​ហ៊ុន​កំពុង​តែ​ដំណើរ​ការ​ផលិត​ដែក​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​វៀត​ណាម ហើយ​ក្រុម​ហ៊ុន​ចង់​បង្កើត​រោង​ចក្រ​ផលិត​ដែក​នៅ​ក្រៅ​ប្រទេស ដោយ​ជ្រើសរើស​យក​ប្រទេស​កម្ពុជា ពិសេស​ខេត្ត​ព្រះ​សីហនុ ដែល​គ្រោង​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៥០០លាន​ដុល្លារ​អាមេរិក។ តាម​ការ​គ្រោង​ទុក រោង​ចក្រ​នឹង​ត្រូវ​ការ​កម្លាំង​ពលកម្ម​ប្រមាណ ៣.០០០​នាក់ ។​ហើយ​រោង​ចក្រ នឹង​មាន​សមត្ថភាព​ផលិត​ដែក​ចាប់​ពី ១លាន​ទៅ ២លាន​តោន ក្នុង​មួយ​ឆ្នាំ។

ជាការ​ឆ្លើយតប​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះ​សីហនុ​បាន​ថ្លែង​ស្វាគមន៍​ចំពោះ​គម្រោង​របស់​ក្រុម​ហ៊ុន Hoa Phat ដោយ​បាន​ចង្អុល​បង្ហាញ​ទី​តាំង​ឱ្យ​ក្រុម​ហ៊ុន​ចាប់​អារម្មណ៍ នោះ​គឺ​នៅ​តំបន់​ដែល​នៅ​ក្នុង​ស្រុក​ស្ទឹងហាវ ព្រោះ​អនាគត​ទី​នោះ​​ក៏​មាន​កំពង់ផែ​ទឹក​ជ្រៅ និង​មាន​ដី​ប្រហែល ២០០ហិកតា អាច​ឱ្យ​ក្រុម​ហ៊ុន​សាង​សង់​រោង​ចក្រ​បាន​ងាយ​ស្រួល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close