អាជ្ញាធរ​ជាតិ​អប្សរា បន្ត​ជួសជុល​រចនា​សម្ពន្ធ​ស្រះ​ខាងជើង នៃ​ប្រាសាទអង្គរវត្ត​

​ខេត្តសៀមរាប​៖ ក្រុម​អ្នកជំនាញ​ជួសជុល​ស្រះ​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត មកដល់ពេលនេះ​បានបញ្ចប់​កិច្ចការ​ស្រាវជ្រាវ​បុរាណវិទ្យា​រួចរាល់​ហើយ ព្រមទាំង​បាន​ជួសជុល​ច្រាំង​ស្រះ​បាន​ចំនួន​៥៦​ម៉ែត្រ និង​បញ្ចូល​ទឹក​ក្នុង​ស្រះ​ចំនួន​៦០០០០​ម៉ែត្រគូប​។ ទោះជា​យ៉ាងនេះ​ក្តី ទីនេះ​នៅតែ​បន្ត​បិទ​ស្បៃ​ខ្មៅ​មិនទាន់​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​ចូលទៅ​ផ្តិត​រូបភាព​ប្រាសាទអង្គរវត្ត​ពី​ស្រះ​នេះ​នៅឡើយ ព្រោះ​គម្រោង​ជួសជុល​និង​លើក​តម្លៃ​រចនា​សម្ពន្ធ​ស្រះ​នៅតែ​បន្ត អាច​នឹង​រួចរាល់​ទាំងស្រុង​នៅ​២​ឆ្នាំក្រោយ​។​

​លោក ស្រ៊ុន តិច បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​និង​ជា​ប្រធាន​គម្រោង​ជួសជុល​រចនា​សម្ពន្ធ​ស្រះ​ខាងជើង​ឱ្យដឹងថា ការងារ​ទាំងនេះ​បានចាប់ផ្តើម​កិច្ចការ​ស្រាវជ្រាវ​តាំងពី​ឆ្នាំ​២០១៨​និង​អនុវត្ត​ការជួសជុល​នៅ​ឆ្នាំ​២០២០​។ បច្ចុប្បន្ន​មិនទាន់​បើក​ឱ្យ​ភ្ញៀវ​ចូល​ផ្តិត​រូបភាព​ទេ ព្រោះ​រចនា​សម្ពន្ធ​ស្រះ​ខាងជើង​ខូចខាត​ខ្លាំង មិនទាន់​ជួសជុល​រួចរាល់​ទាំងស្រុង​។ ស្រប​នឹង​ពេលនេះ ការរីក​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​ក៏​មិនមាន​ភ្ញៀវ​មក​ទស្សនា​ដែរ​។ ម្យ៉ាងវិញទៀត ក៏​ទុក​ឱកាស​ឱ្យ​អ្នកជំនាញ​ស្រាវជ្រាវ​និង​អ្នក​ជួសជុល​ងាយស្រួល​បំពេញការងារ​បានល្អ​ផង​។​

​នា​ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ជាតិ​អប្សរា នៅសល់​កាំជណ្តើរ​ស្រះ​៣​ជ្រុង​ទៀត​ដែល​ត្រូវ​ពង្រឹង​និង​កំពុងតែ​កំណាយ​មើល​ស្ថានភាព​ខូចខាត​ជាក់ស្តែង​ដើម្បី​លើក​គម្រោង​ជួសជុល​បន្ថែមចំនួន​៦៥​ម៉ែត្រ​ឱ្យ​រួចរាល់​ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត តែបើ​ជួបនឹង​ករណី​ស្រាវជ្រាវ វា​នឹង​អាច​ពន្យារពេល​យូរ​ជាង​នេះ​។ រចនា​សម្ពន្ធ​ស្រះ​ខាងជើង​ខូចខាត​ទ្រុឌទ្រោម​ដោយសារ​ថ្មភក់​មានប្រតិកម្ម​ខ្លាំង​នឹង​កម្តៅថ្ងៃ​ជាមួយនឹង​ទឹក​ធ្វើឱ្យ​ក្តៅ​សើមៗ បណ្តាលឱ្យ​ថ្មភក់​ងាយ​សឹក​រិច​រិល ងាយ​នឹង​បាក់បែក ហើយ​កន្លែង​ខ្លះ​បាត់​ថ្ម ដែល​ធ្វើឱ្យមាន​ចន្លោះប្រហោង​បណ្តាលឱ្យ​ទឹក​ហូរ​នាំ​ដី​ច្រោះ​ចូលទៅក្នុង​ស្រះ​។ ដូច្នេះ​ក្រុមការងារ​ត្រូវ​ការសិក្សា​ស្រាវជ្រាវ​ពី​វិធីសាស្ត្រ​ពង្រឹង ការបិទ​ចន្លោះប្រហោង​យ៉ាងម៉េច​ដើម្បី​កុំឱ្យ​វា​ច្រោះ​ទៀត​។

​លោក ស្រ៊ុន តិច បញ្ជាក់ថា ការអភិរក្ស​សំណង់​បុរាណ យើង​អត់​អាច​កំណត់​បាន​ដូច​សំណង់​សម័យ​ទំនើប​ទេ យើង​ត្រូវការ​ពេលវេលា​យូរ​ដើម្បី​កុំឱ្យ​បាត់បង់​នូវ​ទម្រង់​ដើម​របស់​ស្រះ​។ យើង​មិន​អាចធ្វើ​លឿន​ពេក ដោយ​មិន​គិតគូរ​អំពី​កិច្ចការ​ស្រាវជ្រាវ បច្ចេកទេស​បុរាណ វិស្វកម្ម​បុរាណ ការប្រើប្រាស់​វត្ថុធាតុដើម​នោះឡើយ​។ ដូច្នេះ​មុននឹង​យើង​ធ្វើ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ យើង​ត្រូវ​កំណាយ​បើក​ដី​មើល​ឱ្យ​អស់ពី​ស្ថានភាព​ដើម​របស់​វា រួច​សម្រង់​ប្លង់​គ្រប់​ជ្រុងជ្រោយ រួច​សិក្សា​ប្លង់ តើ​ត្រូវ​រៀប​ម៉េច​ឱ្យ​ដូច​ទម្រង់​ដើម ដែល​សំខាន់​សម្រាប់​កិច្ចការ​អភិរក្ស​មិនអាច​កែប្រែ​វា​បានទេ​។

​ចំពោះ​ស្រះ​ខាងជើង​នៃ​ប្រាសាទអង្គរវត្ត ក៏​ធ្លាប់មាន​ប្រវត្តិ​ជួសជុល​កាលពី​ឆ្នាំ​១៩២២ ដោយ​លោក ហង់​រី ម៉ាក​ហ្សា​ល់​។ គាត់​បាន​រៀប​ផ្នែក​ខាងជើង​ម្តង​រួចមកហើយ ដោយ​លោក​បាន​កែលម្អ​លើក​ថ្ម​ឱ្យមាន​ទម្រង់​ចេញ​ជា​រូបរាង​ស្រះ​៕​
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close