មី​យ៉ាន​ម៉ា​៖ រយៈពេល​១​ខែ​មាន​អ្នកស្លាប់​១៨ នាក់​និង​របួស ៣០​នាក់ ដោយ​បាតុកម្ម​

​រយៈពេល​១​ខែ​ហើយ​ដែល​ធ្វើ​រដ្ឋប្រហារ​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា ហើយ​ពលរដ្ឋ​នៅតែ​បន្តធ្វើ​បាតុកម្ម ប្រឆាំង​ការដឹកនាំ​ដោយ​យោធា​។ ការធ្វើ​បាតុកម្ម​នោះ​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​ស្លាប់​និង​របួស ។ កម្លាំងយោធា​ក៏បាន​ចាប់ខ្លួន​បាតុករ​រាប់រយ​នាក់​ផងដែរ​។​ ​ប៉ូលិស​មី​យ៉ាន​ម៉ា បាន​បំផ្ទុះ​អាវុធ ទៅលើ​ក្រុមបាតុករ នៅ​ទីក្រុង Yangon កាលពី​ថ្ងៃទី ២៨​ខែកុម្ភៈ ក្រោយ​ការ​គប់​គ្រាប់​បែកផ្សែង និង​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​បំបែក​ក្រុមបាតុករ ។

​អង្គការសហប្រជាជាតិ បានប្រកាស​ឲ្យ​ដឹងថា យ៉ាងហោចណាស់​ក៏មាន​បាតុករ ១៨ នាក់​ស្លាប់ នៅក្នុង​ការធ្វើ​បាតុកម្ម នៅ​មី​យ៉ាន​ម៉ា ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ កាលពី​ថ្ងៃទី​១​ខែកុម្ភៈ​ដល់​ថ្ងៃទី ១​ខែមីនា​ឆ្នាំ​២០២១​។ អង្គការសហប្រជាជាតិ​ក៏បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ធ្វើ​សកម្មភាព ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​នេះ​។​

​សារព័ត៌មាន​រ៉​យ​ទ័​រ បាន​ផ្សាយ​ថា ប៉ូលិស​មី​យ៉ាន​ម៉ា បាន​បាញ់​ទៅលើ​ក្រុមបាតុករ​នៅក្នុង​ទីក្រុង​ជាច្រើន ពិសេស​គឺ​ទីក្រុង Yangon​កាលពី​ថ្ងៃទី ២៨​ខែកុម្ភៈ​។ ក្រុមបាតុករ បាន​ពាក់មួក​ការពារ និង​របាំង​ការពារ ទប់ស្កាត់​ការវាយប្រហារ​ពី​កម្លាំង​សន្តិសុខ​។​

​តាម​សារព័ត៌មាន Global New Light របស់​មី​យ៉ាន​ម៉ា​ស្និទ្ធ​និង​យោធា បាន​ផ្សាយ​ថា « សកម្មភាព​តឹងតែង នឹងត្រូវ អនុវត្ត​ទៅលើ​ក្រុមបាតុករ ហិង្សា ។ កម្លាំង​ទាហាន បាន​រក្សា​ការអត់ធ្មត់ ប៉ុន្តែ​មិនអាច​លើកលែង​ដល់​ក្រុម​ជ្រុលនិយម បង្ក​អសន្តិសុខ​ឡើយ​»​។​

​តាម​ការិយាល័យ​របស់​អង្គការសហប្រជាជាតិ បានប្រកាស​ឲ្យ​ដឹងថា មាន​មនុស្ស ១៨ នាក់​ស្លាប់ និង​ជាង​៣០​នាក់​រងរបួស ដោយ​ការបង្ក្រាប់​ពី​កម្លាំង​ប៉ូលិស​មី​យ៉ាន់​ម៉ា ។ អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ដល់ សហគមន៍​អន្តរជាតិ មាន​សកម្មភាព​ដើម្បី​ជួយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​នេះ​។​

​មី​យ៉ាន​ម៉ា​ធ្លាក់​នៅក្នុង​ស្ថានភាព វិវាទ​នយោបាយ​កាន់តែខ្លាំង ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១​ខែកុម្ភៈ ហើយ​ចាប់ខ្លួន​លោកស្រី អោ​ង​សាន ស៊ូ​ជី និង មន្ត្រីជាន់ខ្ពស់ នៃ​គណបក្សកាន់អំណាច ដោយ​ចោទប្រកាន់ថា​បន្លំ​ក្នុងការ​បោះឆ្នោត កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២០៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close