អភិបាលខេត្តព្រះសីហនុ ទទួល​សម្ភារៈ​សម្រាប់​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ទទួល​អំណោយ​មនុស្សធម៌​ពី​សមាគម​មិត្តភាព​ប្រជាជន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា ក្រុមហ៊ុន ហៃ ឡាន ស៊ាន អ៉ិ​ន​វេស​ម៉ិ​ន ឯ​.​ក និង JIU QIAN GROUP ជូន​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រាប់​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រាតត្បាត​នៅ​ខេត្ត​ព្រះសីហនុ​។

​អំណោយ​ទាំងនោះ រួមមាន​៖
១. ម៉ាស​ធម្មតា​ចំនួន ១,២០០,០០០ ម៉ាស​
២.​ម៉ាស 3M ចំនួន ១០,០០០​ម៉ាស
៣. ម៉ាស KN95 ចំនួន ១០០,០០០​ម៉ាស
៤. របាំងមុខ​ចំនួន ៣,០០០
៥. ថ្នាំ​ផ្តាសាយ​ចំនួន ៤,០០០​ប្រអប់​
៦. ម៉ាស៊ីន​វាស់​កំដៅ​ចំនួន ៤០០​គ្រឿង
៧. អាល់កុល​ចំនួន ៣,០០០​ដប
៨. អាវ​ពេទ្យ​ចំនួន ២,០០០​អាវ
៩. ទូរទស្សន៍​វាស់​កំដៅ​ចំនួន ២​គ្រឿង​។​
១០. ស្រោមដៃ​ចំនួន ១,៥០០ គូ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ និង​អគុណ​ចំពោះ​សមាគម​មិត្ត​ប្រជាជន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា ក្រុមហ៊ុន ហៃ ឡាន ស៊ាន អ៉ិ​ន​វេស​ម៉ិ​ន ឯ​.​ក និង JIU QIAN GROUP ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ម៉ាស់ និង​សម្ភារ​:​មួយចំនួន​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដើម្បី​យកមកប្រើ​ប្រាស់​បំរើឱ្យ​ការងារ​ការពារ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ សកម្មភាព​នេះ​ជា​ទឹកចិត្ត​មនុស្សធម៌​របស់​សប្បុរ​សជន​សមាគម​មិត្តភាព​ប្រជាជន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា បាន​ឧបត្ថម្ភ​សម្ភារ​:​បំរើឱ្យ​ការងារ​បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ។

​ក្នុងឱកាស​នោះ ឯកឧត្តម​បានធ្វើ​ការណែនាំ​ឱ្យ​យក​សម្ភារៈ​ទាំងអស់នេះ​យកទៅ​ចែកជូន​មន្ត្រី​របស់​យើង​ដែល​កំពុង​នៅតាម​គោលដៅ ដើម្បី​ការពារ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​ធ្វើការ​បែងចែក​ម៉ាស់​ទៅដល់​ក្រុង ស្រុក​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យបាន​គ្រប់​ក្រុង ស្រុក ។

​ឯកឧត្តម អភិបាលខេត្ត​សង្ឃឹម និង​ជឿជាក់ថា និង​មាន​បងប្អូន​សប្បុរសជន​របស់​យើង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ជា​សម្ភារៈ​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ជា​បន្តទៀត ដើម្បី​បំរើឱ្យ​ការងារ​បង្ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ​ទទួលបាន​ជោគជ័យ ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close