អាជ្ញាធររាជធានីភ្នំពេញ ឧបត្ថម្ភអ្នកធ្វើចត្តាឡីស័កក្នុង ១គ្រួសារ ៣០ម៉ឺនរៀល និងអង្ករ២០គីឡូ រយៈពេល១៥ថ្ងៃ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឧបត្ថម្ភថវិកាដល់អ្នកធ្វើចត្តាឡីស័កទាំងអស់ នៅរាជធានីភ្នំពេញ ដោយក្នុង ១គ្រួសារ ទទួលថវិកាចំនួន ២ម៉ឺនរៀល ក្នុង១ថ្ងៃ រយៈពេល ១៥ថ្ងៃ សរុប ៣០ម៉ឺនរៀល និងអង្ករ ២០គីឡូក្រាម។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ នឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័ក។
សូមបញ្ជាក់ថា ចំពោះការផ្តល់ការឧបត្ថម្ភនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ជូនប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិទាំង៤គឺ អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ, អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន, អ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ និងអ្នកដែលមានជីវភាពខ្វះខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។