ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ កើនឡើង ១៧​នាក់​ទៀត នៅ​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​៖ យោងតាម​ទិន្នន័យ​ពី​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃ​០២ ខែមីនា ឆ្នាំ​២០២១​នេះ នៅ​ខេត្ត​ព្រះសីហនុ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន​១៧​នាក់​ទៀត ក្នុងនោះ​ប្រុស ៧​នាក់ ស្រី​១០​នាក់​។​

​តាម​តួលេខ​អ្នក​ឆ្លង​កូ​វីដ​១៩​ទាំង ២៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការ​សហគមន៍ ២០​កុម្ភៈ នោះ មាន​មនុស្ស ១៧​នាក់ ដែល​រកឃើញ​វិជ្ជមាន នៅក្នុង​ព្រះសីហនុ ក្នុងនោះ​មាន​៖
*​បុរស​ជនជាតិខ្មែរ​ម្នាក់ អាយុ​២៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​
*​ស្ត្រី​ជនជាតិ​វៀតណាម ៤​នាក់
*​បុរស និង​ស្ត្រីជន​ជាតិចិន ១២​នាក់​។

​គិត​ត្រឹម ថ្ងៃទី​២ ខែ​មិនា ឆ្នាំ​២០២១​នេះ សរុប​អ្នកជំងឺ​កូ​វីដ​១៩ កំពុង​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ឡើងដល់ ៥២​នាក់ (​ប្រុស ២៧​នាក់ ស្រី ២៥​នាក់​)​។​

​ជាមួយគ្នា រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័​ជាការ​ចាំបាច់ បង្ការ​កុំ​ឲ្យ​ឆ្លង​មក​ខ្លួន​យើង គ្រួសារ​យើង និង​សហគមន៍​យើង ស្រប​ពេលដែល​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ ដែលជា​សេនាធិការ​ជួរមុខ​របស់​រដ្ឋបាល​ខេត្ត កំពុងធ្វើការ​ងារ​បន្ត​តាម​បច្ចេកទេស​៕​
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close