អាមេរិក គ្រោងអនុម័តឲ្យប្រើវ៉ាក់សាំង Novavax ក្នុងឧសភា ខាងមុខ
អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Novavax លោក ស្ទែនលី អ៊ឺក និយាយថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនខ្លួនទំនងជាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងសហរដ្ឋអាមេរិកនាពេលឆាប់ៗនេះ ឬអាចនៅខែឧសភា ប្រសិនបើនិយ័តករអាមេរិកអនុម័តលើទិន្នន័យពីការធ្វើតេស្ដនៅអង់គ្លេស ដែលនឹងត្រូវបិទបញ្ចប់នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
បើតាមលោក ស្ទែនលី អ៊ឺក កិច្ចចរចាជាមួយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកកំពុងធ្វើឡើងនៅឡើយ ហើយទីភ្នាក់ងារមួយនេះអាចនឹងតម្រូវឱ្យក្រុមហ៊ុន Novavax បង្ហាញទិន្នន័យធ្វើតេស្ដរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ដែលនេះអាចនឹងត្រូវការពេលបន្ថែម០២ខែទៀត ដើម្បីបញ្ចប់ការធ្វើតេស្ដ ឬអាចនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅពាក់កណ្ដាលរដូវក្ដៅ។
យោងតាមទិន្នន័យបឋមទទួលបានពីការធ្វើតេស្តនៅអង់គ្លេស កាលពីខែមករា បានបង្ហាញថា វ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Novavax មានប្រសិទ្ធភាពរហូតដល់៩៦ភាគរយ ក្នុងការប្រឆាំងនឹងវីរុសកូរ៉ូណាទម្រង់ធម្មតា និង ៨៦ភាគរយប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅអង់គ្លេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។