រមណីយដ្ឋាន «​ទឹកធ្លាក់​ភ្នំ​ខៀវ​» នៅ​ខេត្ត​ប៉ៃលិន កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងខ្លាំង

​ខេត្ត​ប៉ៃលិន​៖ រមណីយដ្ឋាន «​ទឹកធ្លាក់​ភ្នំ​ខៀវ ឬ​ទឹកធ្លាក់​អូរ​តា​វ៉ៅ​» ដែល​ស្ថិតក្នុង​ទឹកដី នៃ​ខេត្ត​ប៉ៃលិន បាន​នឹង​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ទៅ​ទស្សនា​តំបន់​ដ៏​ស្រស់បំព្រង​មួយ​នេះ​យ៉ាងខ្លាំង​។ តំបន់​ធម្មជាតិ​នៅ​ភាគ​ខាងលិច នៃ​ដែនដី​សុវណ្ណ​ភូមិ​នេះ មាន​ទឹកធ្លាក់​រហូតដល់​ទៅ ៧​ជាន់ ស្ថិតនៅ​ភូមិ​កូន​ខ្លុង សង្កាត់​ឣូ​រ​តា​វ៉ៅ ក្រុងប៉ៃលិន និង​មាន​ចម្ងាយ​ប្រមាណ ៧​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ប៉ៃលិន​។​

​រមណីយដ្ឋាន «​ទឹកធ្លាក់​ភ្នំ​ខៀវ​» មាន​ស្ទឹង​ធម្មជាតិ​ដែលមាន​ទឹកថ្លា​ឆ្វង់ មាន​ជ្រោះ​ទឹក​ហូរ​ធ្លាក់​បែក​ផ្កាត្រែង​លើ​ល្បាក់​ថ្មដា​យ៉ាងខ្ពស់ មាន​ខ្យល់អាកាស​ត្រជាក់​ដល់​ក្រអៅបេះដូង ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅលេង​យ៉ាង​សប្បាយរីករាយ​ក្រៃលែង​។ បន្ថែម​លើ​នេះ បរិវេណ​កម្សាន្ត​ត្រូវបាន​កែច្នៃ​ឲ្យ​មាន​កន្លែង​អង្គុយលេង​ជាច្រើន មាន​ខ្ចូ​ស​អង្គុយ ហើយ​អាហារ​លក់ដូរ​មិន​ថ្លៃ​នោះទេ​។ ជាមួយគ្នានេះ មាន​កន្លែង​សម្រាប់​ទុកដាក់​យានយន្ត ដោយមាន​សន្តិសុខ​យាមកាម​យ៉ាង​ល្អ មិន​ព្រួយបារម្ភ​ពី​ការបាត់បង់​ឡើយ​។​
​កាលពី​ថ្ងៃទី​២៨ ខែកុម្ភ​: ឆ្នាំ​២០២១ មន្ទីរ​ឣ​ង្គ​ភាព​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យមើល​ការស្ថាបនា​ផ្លូវ​ទៅកាន់ រមណីយដ្ឋាន «​ទឹកធ្លាក់​ភ្នំ​ខៀវ​» ដើម្បី​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព សម្តៅ​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត​។​

​លោកជំទាវ បាន ស្រីមុំ បាន​ណែនាំ​ដល់​ក្រុមការងារ​ប្រចាំការ​នៅ​រមណីយដ្ឋាន​ខាងលើ ត្រូវ​ចេះ​រួសរាយ​រាក់ទាក់ មាន​ស្នាមញញឹម​ជានិច្ច និង​កុំ​ប្រើពាក្យ​សម្តី​មិន​ពិ​រោះ​ទៅកាន់​ភ្ញៀវទេសចរ​ឡើយ​។​

​សូមជម្រាបថា ដើម្បី​ទៅដល់​រមណីយដ្ឋាន «​ទឹកធ្លាក់​ភ្នំ​ខៀវ​» គេ​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥៧ រហូតដល់​ស្ពានថ្ម​អូរ​តា​វ៉ៅ ហើយ​ឡើងទៅ​ប្រមាណ​ជា ១០០​ម៉ែត្រ​ទៀត គេ​នឹង​ឃើញ​ផ្លាកសញ្ញា​បង្ហាញ​ទីតាំង ត្រង់​ម្ដុំ​ផ្លូវបំបែក​ភូមិ​កូន​ខ្លុង​ពី​ខាងឆ្វេង​ដៃ​។ គេ​ក៏ត្រូវ​ជិះ​បត់​ចូលទៅ​ប្រមាណ ៧​គីឡូម៉ែត្រ​ទៀត ទើប​ដល់ទី​តាំង​គួរ​ជាទី​មនោ​រម្យ​ខាងលើនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close