២​ខែ​ដំបូង​ក្នុងឆ្នាំនេះ​! កម្ពុជា នាំចេញ​ផលិតផល​កសិកម្ម​ជាង ៤០​មុខ បរិមាណ ១.៦​លាន​តោន

​ភ្នំពេញ​៖ ផលិតផល​កសិកម្ម​សំខាន់ៗ របស់​កម្ពុជា ដូចជា ដំឡូង​មី​ក្រៀម​, ដំឡូង​មី​ស្រស់​, ស្រូវ​, គ្រាប់ស្វាយចន្ទី​, គ្រាប់​ពោតក្រហម​, ផ្លែ​ចេក​ស្រស់​, ផ្លែស្វាយ​ស្រស់​, ម្ទេស​ស្រស់​, ដូងប្រេង​, កន្ទក់ និង​ផលិតផល​ផ្សេងទៀត​៣៣​មុខ សរុប​ទាំងអស់​ជិត​១.៦​លាន​តោន ត្រូវបាន​នាំចេញ​ទៅ​ក្រៅប្រទេស នៅក្នុង​រយៈពេល​២​ខែ ដើមឆ្នាំ​២០២១​នេះ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម ដោយ​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ ភូតគាម​អនាម័យ បាន​ឲ្យ​ដឹងថា ការនាំចេញ​ផលិតផល​កសិកម្ម​ក្រៅពី​អង្ករ ក្នុង​រយៈពេល​២​ខែ ដើមឆ្នាំ​២០២១​នេះ មាន​ចំនួន ១,៥៩៩,៩២២.៣៧ តោន មានការ​កើនឡើង​ចំនួន ៥៦៩,៤៩៣.៨៨ តោន ស្មើនឹង ៥៥.២៧% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២០ ដែល​បាន​នាំចេញ​ទៅកាន់​គោលដៅ​ចំនួន ២៥ ប្រទេស​។​

​ក្នុងចំណោម​ផលិតផល ដែល​បាន​នាំចេញ​ទាំងអស់ មាន​ផលិតផល​មួយចំនួន បានទទួល​បញ្ជា​ទិញ​បាន​ច្រើនជាងគេ​ដូចជា​៖
១៖ ដំឡូង​មី​ក្រៀម​មាន​ចំនួន ៨០២,៤៥១.៥៦ តោន​
២៖ ដំឡូង​មី​ស្រស់​មាន​ចំនួន ១៥៤,៧៥០.០០ តោន​
៣៖ ស្រូវ​ចំនួន ២៨៧,៨៥០.០០ តោន (​មិនបាន​ឆ្លងកាត់​ច្រក​ភូតគាម​អនាម័យ​មាន​ចំនួន ៥៥៩,០៣៣ តោន​)
៤៖ គ្រាប់ស្វាយចន្ទី​ចំនួន ៧៩,៤៧៣.៥១ តោន​
៥៖ គ្រាប់ពោត​ក្រហម​មាន​ចំនួន ៧៨,៨៥៦.១៤ តោន​
៦៖ ផ្លែ​ចេក​ស្រស់​ចំនួន ៧៥,៦៤៥.៥៧ តោន​
៧៖ ផ្លែស្វាយ​ស្រស់​ចំនួន ៤៣,៦៨០ តោន​
៨៖ ម្ទេស​ស្រស់​ចំនួន ៣២,៤១៧.១២ តោន​
៩៖ ដូងប្រេង​ចំនួន ៧,១៧៦.៦៩ តោន​
១០៖ កន្ទក់​មាន​ចំនួន ៦,២៥០.០០ តោន​

​ក្រៅពី​ផលិតផល​១០​ខាងលើនេះ កម្ពុជា​ក៏មាន​ការនាំចេញ​ផលិតផល​ចំនួន ៣៣​មុខ​ផ្សេងទៀត​មាន​បរិមាណ​សរុប​ចំនួន ៣,៣៧១.២៥ តោន​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close