ប៉េងប៉ោះ មិន​ត្រឹម​ជា​អាហារូបត្ថម្ភ​សម្រាប់​រាងកាយ តែ​ជា​ប្រភព​ផ្តល់​ប្រាក់ចំណូល​ច្រើន​ដល់​កសិករ​ផងដែរ​

បន្លែ​ប៉េងប៉ោះ មិន​គ្រាន់តែ​ជា​ដំណាំ​បន្លែ ដែល​ផ្តល់​អាហារូបត្ថម្ភ និង​ប្រភព​វីតាមីន​ស៊ី​យ៉ាង​ល្អប្រសើរ​សម្រាប់​រា​ង្គ​កាយ​មនុស្ស ប៉ុន្តែ​ថែមទាំង​ជា​បន្លែ ដែលជា​ប្រភព​ផ្តល់ប្រាក់​ចំណូល​ច្រើន​ដល់​កសិករ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ថែម​ទៀតផង​។
​បន្លែ​ដែលមាន​គុណប្រយោជន៍​មួយ​នេះ កសិករ​នៅ​ខេត្តកណ្តាល កំពង់ចាម បាត់ដំបង សៀមរាប និង​ខេត្តកំពត និយម​ដាំ​ដុះ​យ៉ាងច្រើន ជាពិសេស​នៅ​រដូវ​ក្រោយពេល​ប្រមូល​ផល​ស្រូវ នេះ​បើតាម​ការអះអាង​របស់​នាយកដ្ឋាន​សាកវប្បកម្ម និង​ដំណាំ​រួមផ្សំ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម កាលពីដើម​សប្តាហ៍​នេះ​។

​ទាក់ទង​ផលិតកម្ម ពូជ​គឺជា​កត្តា​សំខាន់​ដំបូង​ដែល​កសិករ​ត្រូវ​គិតគូ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ មុន​សម្រេចចិត្ត​ដាំ​បន្លែ​ប៉េងប៉ោះ ហើយ​ជា​បច្ចេកទេស ការប្រើប្រាស់​គ្រាប់ពូជ​បន្លែ​ដែលមាន​គុណភាព​ល្អ មាន​លក្ខណៈ​ធន់​ទ្រាំ​ទៅនឹង​ការបំផ្លាញ​ពី​សត្វល្អិត ជំងឺ និង​អាកាសធាតុ រួមជាមួយ​ការមើល​ថែ​រទាំ​ឲ្យ​បាន​ដិតដល់ គឺជា​កត្តា​សំខាន់​ដែល​ធ្វើឱ្យ​កសិករ​ទទួលបាន​ទិន្នផល​ខ្ពស់ គុណភាព​ផលិតផល​ល្អ ស្របតាម​តម្រូវការ​ទីផ្សារ​។ ផ្ទុយ​មកវិញ កន្លងមក​យើង​សង្កេតឃើញថា​ការ ពិសោធន៍​ស្រាវជ្រាវ​ពូជ​បន្លែ​ថ្មីៗ​ដែល​ធន់​នឹង​សមាសភាព​ចង្រៃ និង​សមស្រប​ទៅនឹង​លក្ខខណ្ឌ​ដាំ​ដុះ​តាម​តំបន់​ទាំងនោះ​នៅមានកម្រិត​នៅឡើយ​។

មួយវិញទៀត កសិករ​មួយចំនួនធំ​ប្រើប្រាស់​ពូជ​បន្លែ​ប៉េងប៉ោះ​ដែល​នាំចូល​ពី​ប្រទេសជិតខាង ភាគច្រើន​គឺជា​ពូជ​អ៊ីប្រ៊ីត​ដែល​ផ្តល់​ទិន្នផល​ខ្ពស់ ប៉ុន្តែ​មិនអាច​ឱ្យ​កសិករ​រក្សាទុក​ពូជ​ដើម្បី​ប្រើប្រាស់​សម្រាប់​វដ្ត​ផលិតកម្ម​បន្ទាប់​បានទេ ហើយ​ត្រូវ​ប្រើប្រាស់​ជី​ច្រើន​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​។

​នាយកដ្ឋាន​បានបញ្ជាក់​ថា ពូជ​បន្លែ​ក្នុងស្រុក ឬ​ពូជ OPV (Open Pollinated Variety) បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ផលិតកម្ម​ដំណាំ​បន្លែ ជាពិសេស​ចំពោះ​កសិករ​ក្រីក្រ ឬ​កសិករ​ខ្នាតតូច​ដែល​ដាំ​ដុះ​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ ព្រោះ​ពួកគាត់​អាច​រក្សាទុក​ពូជ​បន្លែ​សម្រាប់​ដាំ​ដុះ​នៅ​វដ្ត​ផលិតកម្ម​បន្ទាប់​។ ស្ថានីយ​ពិសោធន៍​ពូជ​បន្លែ​ក្បាលកោះ បាននិងកំពុង​ពិសោធន៍ ស្រាវជ្រាវ និង​បន្សុទ្ធ​ពូជ​បន្លែ​មួយចំនួន ហើយ​បាន​បញ្ចេញ​ឱ្យ​កសិករ​ប្រើប្រាស់​ជា​បន្តបន្ទាប់​។

​ពូជ​ទាំងនោះ​រួម​មានពូជ​ក្នុងស្រុក OPV និង​ពូជ​មាន​ប្រភព​មកពី AVRDC ដែល​អាច​រក្សាទុក​ពូជ​បាន ផ្តល់​ទិន្នផល​ខ្ពស់ ធន់​ទ្រាំ​នឹង​លក្ខខណ្ឌ​អាកាសធាតុ​នៅ​កម្ពុជា​។ ក្នុងចំណោម​ពូជ​ទាំងនោះ មានពូជ​ប៉េងប៉ោះ​ចំនួន​១៣​ពូជ (KK1, KK2, KK3, KK4, KK5, KK6 KK7, KK8, KK9, SKK1, SKK2, SKK3, និង SKK4) ដែល​ត្រូវបានធ្វើ​ពិសោធន៍​ដើម្បី​តាមដាន​ទិន្នផល ពិសោធន៍​ជម្រើស​ទិន្នផល​បឋម ពិសោធន៍​ប្រៀបធៀប​ទិន្នផល និង​ប​ន្សុំ​ា​លើ​ចម្ការ​កសិករ ចាប់តាំងពី​ឆ្នាំ​១៩៩៥​។ ពូជ​ខាងលើ​ផ្តល់​ទិន្នផល​ជា​មធ្យម​ប្រមាណ ៥០-៦០​តោន​/​ហ​.​ត លើកលែងតែ​ពូជ KK1 (​ពូជ​ក្នុងស្រុក​) ដែល​ផ្តល់​ទិន្នផល​ជា​មធ្យម​ប្រមាណ ៤០-៤៥ តោន​/​ហ​.​ត​។​
​ពូជ​ប៉េងប៉ោះ OPV ត្រូវបាន​បន្សុទ្ធ ដាំ​ដុះ និង​អភិរក្ស​នៅ​ស្ថានីយ​ពិសោធន៍​ពូជ​បន្លែ​ក្បាលកោះ​ជាច្រើន​ឆ្នាំ​។

​លទ្ធផល​នៃ​ការពិសោធន៍​ស្រាវជ្រាវ​បាន​បង្ហាញថា ពូជ​ទាំងនេះ​មាន​លក្ខណៈ​ធន់​ទ្រាំ​នឹង​លក្ខខណ្ឌ​អាកាសធាតុ ជាពិសេស​ផ្តល់​ទិន្នផល​ខ្ពស់​។ កន្លងមក ពូជ​ទាំងនេះ​ត្រូវបាន​ផលិត​សម្រាប់​បញ្ចេញ​ឱ្យ​កសិករ​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​តាមរយៈ​គម្រោង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា (​ប​.​ស​.​ប​.​ក​) ដែល​គាំទ្រ​ថវិកា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។

​ជាក់ស្តែង នៅ​ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​កសិក​ម្ម បាន​ចែក​គ្រាប់ពូជ​បន្លែ​ចំនួន ៣១,៨៨ តោន ស្មើនឹង ៥២៤ ៨៣៨​កញ្ចប់ ជូន​ដល់​កសិករ​ចំនួន ១០៤ ៤៧៨ គ្រួសារ ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​គោលដៅ​ចំនួន​១៧ រួមមាន​បាត់ដំបង បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ ឧ​ត្ត​រ​មានជ័យ សៀមរាប ព្រះវិហារ ព្រៃវែង តាកែវ កណ្តាល ស្ទឹងត្រែង ប៉ៃលិន កំពត កំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង និង​ខេត្តកំពង់ស្ពឺ​។

​ដើម្បី​ចូលរួម​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​បន្លែ​នៅ​កម្ពុជា​ធានាបាន​ទាំង​បរិមាណ និង​គុណភាព ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ដែល​ចេះតែមាន​ការកើនឡើង​ជា​លំដាប់ និង​ជាពិសេស​ចូលរួម​កាត់បន្ថយ​បរិមាណ​នាំចូល លើកកម្ពស់​គុណ​តម្លៃ​បន្លែ​ក្នុងស្រុក បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល ស្ថានីយ​ពិសោធន៍​ពូជ​បន្លែ​ក្បាលកោះ​បាន​ខិតខំ​សិក្សា ពិសោធន៍ ស្រាវជ្រាវ​ពូជ​បន្លែ​ល្អៗ ធ្វើយ៉ាងណា​ឲ្យ​សម​ស្របតាម​ស្ថានភាព​ភូមិសាស្ត្រ​នៃ​តំបន់​ដាំ​ដុះ ក្សេត្រ​បរិស្ថាន លក្ខណ​អាកាសធាតុ ជំងឺ សត្វល្អិត​ចង្រៃ និង​ធានាបាន​នូវ​គុណភាព​គ្រាប់ពូជ​សុទ្ធ​ល្អ តប​តាម​តម្រូវការ​របស់​បងប្អូន​ប្រជាកសិករ​ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត​៕​
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close