ទស្សនា​វ​ដ្តី «​ព្រះ​នគរ​» បំផុស​សា្មរ​តី​យុវជន​យល់​ពី​តម្លៃ​វប្បធម៌​

​ខេត្តសៀមរាប​៖ ជា​ស្មារតី​រួមចំណែក​អបអរសាទរ​ខួប​លើក​ទី​២៣ នៃ​ទិវា​វប្បធម៌​ជាតិ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ជាតិ​អប្សរា កន្លងមក​ក៏បាន​ចេញផ្សាយ​ទស្សនា​វ​ដ្តី «​ព្រះ​នគរ​» ដែល​បរិយាយ​លម្អិត​ពី​ទិដ្ឋភាព​ទំនៀមទម្លាប់​ប្រពៃណី ក៏ដូចជា​លទ្ធផល​ស្រាវជ្រាវ​នានា​នៅក្នុង​តំបន់​អង្គរ​។​

​តាមរយៈ​ខ្លឹមសារ​ថ្មី​នៃ​ទស្សនា​វ​ដ្តី​នេះ អាជ្ញាធរ​ជាតិ​អប្សរា រំពឹងទុក​ថា វា​នឹង​ក្លាយជា​ឯកសារ​មួយ​ដើម្បី​ជំរុញ​បំផុសស្មារតី​ឱ្យ​ស្រឡាញ់​វប្បធម៌​ជាតិ និង​មនសិការ​ស្នេហា​ជាតិ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជាពិសេស​ស្រទាប់​យុវជន​ដែលជា​ទំពាំង​ស្នង​ឫស្សី ដែលមាន​កាតព្វកិច្ច​ថែរក្សា ការពារ​ឱ្យ​សិ្ថ​ត​ស្ថេ​រ​គង់វង្ស​នូវ​សម្បត្តិ​វប្បធម៌​ជាតិ និង​វប្បធម៌​ចម្រុះ​នៃ​សហគមន៍ជាតិ​នៅ​កម្ពុជា សំដៅ​រក្សាបាន​នូវ​ឯកភាព​ជាតិ សាមគ្គីភាព សន្តិភាព និង​ការអភិវឌ្ឍ​។​

​សូមបញ្ជាក់ថា ការចេញផ្សាយ​នូវ​ទស្សនា​វ​ដ្តី​ឈ្មោះ «​ព្រះ​នគរ​» នេះ គឺ​បាន​ផ្ដោត​សំខាន់​ទៅលើ​បុរាណវត្ថុ​រកឃើញ​ថ្មីៗ​នៅ​អង្គរ ការអភិរក្ស​ជួសជុល​ប៉ម​ឥដ្ឋ​លេខ​៨​នៅ​ប្រាសាទបាគង ទំនៀមទម្លាប់​ពិធីបុណ្យ​តាមបែប​សាសនា និង​ការគោរព​តៗ​គ្នា​របស់​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ ដូចជា ពិធី​ឡើងអ្នកតា​ខែ​ពិសាខ​នៅ​វត្ត​អធ្វា ប្រព័ន្ធធារាសាស្ត្រ​នៃ​ឧទ្យាន​អង្គរ និង​ប្រព័ន្ធធារាសាស្ត្រ​នៃ​ប្រាសាទព្រះវិហារ​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close